អន្តរជាតិ

ពលរដ្ឋជប៉ុនប្តឹង​ក្រុមហ៊ុន Meta ទារសំណងជាង ១៤ម៉ឺនដុល្លារក្រោយពួកគេចាញ់បោកការបោកប្រាស់លើបណ្តាញសង្គម Facebook

BY
Pheakdey
April 26, 2024

ជប៉ុន៖ ពលរដ្ឋជប៉ុនចំនួន​៤នាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ដើម្បីទាមទារប្រាក់សំណងចំនួន ២៣លានយេន (១៤៧,៨៣៤ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥​ ខែមេសា។ ពលរដ្ឋជាដើមបណ្តឹងទាំង៤រូបនេះគឺជាជនរងគ្រោះមួយក្រុមតូចនៅក្នុងចំណោមជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ដែលបានចាញ់បោកការបោកប្រាស់នៅលើបណ្តាញសង្គម Facebook នាពេលកន្លងមក។

ប្រភពខាងលើបានបន្តថា ការបោកប្រាក់នៅក្នុងករណីខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ២០២៣ម្លេះ ដោយក្រុមជនខិលខូចបានប្រើប្រាស់រូបភាពតារាល្បីៗនិងមហាសេដ្ឋីជប៉ុនមួយចំនួនផងដែរ សម្រាប់បង្កើតគណនីក្លែងក្លាយហើយប្រកាសឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ដាក់ប្រាក់វិនិយោគដើម្បីទទួលបានប្រាក់ចំណេញត្រលប់ទៅវិញក្នុងចំនួនដ៏ច្រើន។ យ៉ាងណាក្តី ក្រោយទទួលប្រាក់វិនិយោគហើយក្រុមជនខិលខូចក៏បានប្រមូលយកលុយរត់ទៅបាត់ និងទុកឱ្យក្រុមជនរងគ្រោះត្រូវប្រឈមគ្នាជាមួយក្រុមហ៊ុន Facebook ដែលត្រូវបានក្រុមជនខិលខូចប្រើប្រាស់ជាមធ្យោបាយសម្រាប់បោកប្រាក់ ខណៈបុគ្គលល្បីៗដែលត្រូវបានគេលួចយករូបភាពទៅប្រើប្រាស់នោះគឺពួកគាត់មិនបានជាប់ពាក់ព័ន្ធអ្វីទាល់តែសោះ។ បើតាមទីភ្នាក់ងារនគរបាលជាតិជប៉ុនបានបញ្ជាក់ថា ការបោកប្រាស់នៅក្នុងករណីខាងលើនេះគឺជាការបោកប្រាស់ទ្រង់ទ្រាយធំមួយ ដែលបានធ្វើឱ្យពលរដ្ឋជប៉ុនជាច្រើននាក់ត្រូវខាតបង់ប្រាស់អស់ចំនួនសរុបប្រមាណជា ២៧,៨ពាន់លានយេន (ជាង ១៧៨លានដុល្លារ) ឯណោះ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: