Banner Test

គួរតែអាន! នេះជាមេរៀនពីកំហុសធំបំផុតរបស់សាំងហ្គាពួរ ដែលពេលឆ្លងកូវីដ១៩ដំបូងតិចតួច ពួកគេគិតថាបានឈ្នះជាមួយវីរុសនេះ ក៏បន្ធូរ ស្រាប់តែរលកទី២ បក់មកម្ដងទៀត ទប់លែងឈ្នះ

BY
Khmernote Media
April 28, 2020

កាលពីដំបូងឡើយសាំងហ្គាពួរមានភាពលេចធ្លោជាងគេ ក្នុងការគ្រប់គ្រងស្ថានការណ៍វីរុស COVID-19 ជាលក្ខណៈស្តង់ដារ ដោយមានទាំងការបង្កើនការធ្វើតេស្ដ បិទជើងហោះហើរ និងតាមដានអ្នកមានទំនាក់ទំនងជាមួយអ្នកឆ្លងវីរុសជាដើម។ ដោយសារតែប្រទេសដែលមានប្រជាជន ៥.៨ លាននាក់មួយនេះ ធ្លាប់ឆ្លងកាត់ជំងឺ SARS (ផ្ទុះឡើងកាលពីឆ្នាំ២០០៣) ទុកជាមេរៀនផងនោះ ពិភពលោកគិតថាសាំងហ្គាពួរអាចយល់ពីស្ថានការណ៍បានល្អជាងគេ ហើយជាការពិតណាស់ ពីដំបូងៗអំឡុងដើមខែកុម្ភៈ សាំងហ្គាពួរអាចគ្រប់គ្រងស្ថានការណ៍ឱ្យមានករណីឆ្លងតិចតួចបំផុតពិតមែន។

នៅអំឡុងពេលការផ្ទុះឡើងដំបូងៗបណ្តាប្រទេសផ្សេងទៀត បានដុតដៃដុតជើងបិទទ្វារសាលារៀន និងធ្វើការផ្អាកសេដ្ឋកិច្ចរបស់ពួកគេ ខណៈសាំងហ្គាពួរបានបង្ហាញពីការផ្ទុះឡើងតិច ហើយមានការរំខានតិចតួចបំផុត។ ដោយសារមានការឆ្លងតិចតួច ហើយវាហាក់ដូចជាពួកគេបានឈ្នះជាមួយវីរុស ដូច្នេះសាំងហ្គាពួរនៅតែបន្តបើកភោជនីយដ្ឋាន សាលារៀន និងកន្លែងធ្វើការមួយចំនួនដដែល។ ដូច្នេះការប្រមូលផ្តុំនៅតែមាន ហើយការធ្វើតេស្ដមិនបានធ្វើនៅតាមសហគមន៍នោះទេ ដែលនេះហើយគឺជាកំហុសធំបំផុតរបស់សាំងហ្គាពួរ ក្នុងការបើកផ្លូវឱ្យរលកទី២ បក់មកម្ដងទៀត។

ឈានមកដល់ដើមខែមេសា ឆ្នាំ២០២០ ស្ថានការណ៍នៃវីរុស COVID-19 នៅសាំងហ្គាពួរបានហក់ឡើងដូចទឹកបាក់ទំនប់ ដោយគិតត្រឹម ៤ ថ្ងៃដំបូងមានករណីឆ្លងថ្មីរហូតដល់ទៅ ៣,០០០ករណី។ ដូច្នេះការរឹតត្បឹតបានចាប់ផ្ដើមពង្រឹងឡើងវិញ មានទាំងការតេស្ដ ការបិទសាលារៀន និងកន្លែងធ្វើការ ដោយបើកតែសេវាកម្មសំខាន់ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណារហូតមកដល់ចុងខែមេសានេះ សាំងហ្គាពួរមានករណីច្រើនជាង ១៤,០០០ករណី ត្រូវបានបញ្ជាក់ ហើយភាគច្រើនគឺចេញពីកន្លែងប្រមូលផ្ដុំគ្នា គឺនៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

សរុបមកវិញបញ្ហាធំបំផុតដែលធ្វើឱ្យសាំងហ្គាពួរប្រឈមនឹងរលកទី២ គឺការបន្ធូរបន្ថយការរឹតត្បឹត ហើយគ្មានការធ្វើតេស្ដនៅតាមសហគមន៍ ពិសេសនៅតំបន់ពលករបរទេសរស់នៅ ដែលនៅទីនោះមានការប្រមូលផ្តុំគ្នាច្រើន គ្មានការរក្សាគម្លាត និងនៅដាច់ដោយឡែកនោះទេ ខណៈយើងក៏បានដឹងដែរថាវីរុសអាចឆ្លងដោយគ្មានរោគសញ្ញា។ ដូច្នេះវាមានន័យថាវីរុសសំងំនៅជាមួយពួកគេ ទើបក្រោយមកវាបណ្ដាលឱ្យមានការផ្ទុះឡើងទប់មិនឈ្នះបែបនេះ ហើយគេហៅថាជារលកទី២ ដែលបក់ខ្លាំងជាងរលកមុនទៅទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Irish Times, Business Insider

Share This Post: