ប្រទេសថៃអនុម័តសេចក្តីព្រាងមួយ ដើម្បីហាមឃាត់ការលក់គ្រឿងស្រវឹងតាមអ៉ីនធឺណេត
និយតករគ្រឿងស្រវឹងកំពូលរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីព្រាងបទបញ្ជាហាមឃាត់ការលក់ស្រាតាមអ៉ីនធឺណិត។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមអ្នកឃ្លាំមើលគ្រឿងស្រវឹង បានជំរុញឱ្យរដ្ឋាភិបាលបង្ក្រាបការលក់ស្រាតាមអនឡាញ ដែលបានកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេលមានការបិទទ្វារប្រទេសទប់ទល់ជំងឺ COVID-19 ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Satit Pituthecha មានប្រសាសន៍ថា ច្បាប់ថ្មីនេះមានគោលបំណងរារាំងអ្នកប្រើប្រាស់ ពីការរកទិញភេសជ្ជៈមានជាតិអាល់កុលងាយស្រួលពេក។

លោក Satit Pituthecha បាននិយាយថា៖«ការផ្ទុះឡើងនៃជំងឺ COVID-19 បានធ្វើឱ្យមានការលក់ភេសជ្ជៈមានជាតិអាល់កុលតាមអ៉ីនធឺណេត ជាពិសេសនៅលើបណ្តាញសង្គម ដែលមានការផ្តល់ជូនការផ្សព្វផ្សាយ និងសេវាកម្មចែកចាយដល់ផ្ទះ»។ លោកបានបន្ថែមថា ការលក់បែបនេះមិនគិតពីអាយុ ពេលវេលា និងទីតាំង ដែលជាលទ្ធផលមិនមានការគ្រប់គ្រង និងពិបាកក្នុងការអនុវត្តច្បាប់ត្រួតពិនិត្យភេសជ្ជៈមានជាតិអាល់កុល។
រដ្ឋាភិបាលកាលពីខែមេសា បានដាក់បម្រាមទូទាំងប្រទេសលើការលក់ភេសជ្ជៈមានជាតិអាល់កុល ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ។ កន្លែងកម្សាន្តរាត្រី និងពិធីជប់លៀងផ្សេង ក៏ត្រូវបានមន្រ្តីរដ្ឋាភិបាលរឹតបន្តឹង។ តាមច្បាប់បច្ចុប្បន្នការលក់ភេសជ្ជៈមានជាតិអាល់កុលតាមអ៉ីនធឺណេតមិនត្រូវបានហាមឃាត់ទេ ព្រោះអ្នកលក់មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ទោះយ៉ាងណាក៏ដោយវាជាការខុសច្បាប់ក្នុងការបង្ហោះរូបថត ឬលើកទឹកចិត្តឱ្យមនុស្សចង់ផឹក ឬទិញស្រានៅតាមទីសាធារណៈ ដែលរាប់បញ្ចូលទាំងតាមអ៉ីនធឺណេតផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Khaosod English