សាកលវិទ្យាល័យមួយនៅម៉ាឡេស៊ីបានព្រីនរូបបុគ្គលល្បីៗដាក់នៅតាមកៅអីអង្គុយរបស់និស្សិត ដើម្បីលើកទឹកចិត្តឲ្យពួកគេរក្សាគំលាតសង្គមពីគ្នា ១,៥ ម៉ែត្រ
ម៉ាឡេស៊ី៖ បើទោះជាសាលារៀនមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកដំណើរជាធម្មតាវិញបន្ទាប់ពីបានបិទអស់មួយរយៈព្រោះតែជំងឺកូវីដ ១៩ តែសិក្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកបម្រើការងារនៅក្នុងសាលារៀនទាំងអស់ត្រូវតែបន្តអនុវត្តវិធានការអនាម័យជាចាំបាច់។ វិធានការអនាម័យសំខាន់ៗដែលពួកគេត្រូវអនុវត្តនោះមានដូចជាការពាក់ម៉ាស់ឲ្យបានជាប់ជាប្រចាំ និងរក្សាគំលាតពីគ្នាឲ្យបាន ១,៥ ម៉ែត្រ ។

ដើម្បីលើកទឹកចិត្តឲ្យមានការរក្សាគំលាតសង្គមគេបានប្រើប្រាស់វិធីផ្សេងៗដូចជារៀបតុឲ្យនៅដាច់ៗពីគ្នា ដាក់រនាំងបាំង ហើយបើសម្រាប់ក្មេងៗវិញពួកគេអាចតម្រូវឲ្យពាក់មួកធ្វើពីក្រដាសកាតុងដែលមានស្នែងវែងៗទៀតផងដើម្បីឲ្យពួកគេទើសគ្នារាល់ពេលដែលពួកគេភ្លេចខ្លួនចង់នៅក្បែរគ្នា។
សម្រាប់សាកលវិទ្យាល័យ Sunway University នៅក្នុងប្រទេសម៉ាឡេស៊ីវិញបានប្រើប្រាស់វិធីប្លែកមួយដោយខាងសាកលវិទ្យាល័យបានព្រីនរូបបុគ្គលល្បីៗជាច្រើនទៅដាក់ជំនួសនៅកៅអីអង្គុយរបស់សិស្ស ដើម្បីឲ្យសិស្សមានអារម្មណ៍ថាពួកមានមនុស្សជាច្រើនអង្គុយនៅជុំវិញខ្លួនពួកគេ តែមនុស្សជាក់ស្តែងត្រូវបានអង្គុយដាច់ពីគ្នា ១,៥ ម៉ែត្រ។ បុគ្គលល្បីទាំងនោះមានដូចជា លោកមហាសេដ្ឋី Jack Ma តារាកំប្លែក Mr. Bean តារាចម្រៀង Taylor Swift តារាសម្តែង Will Smith និងតារាល្បីៗស្រីប្រុសជាច្រើនរូបផ្សេង។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីបានសម្តែងនូវការអស់សំណើចយ៉ាងខ្លាំងចំពោះវិធានការនេះ តែវាពិតជាមានអត្ថប្រយោជន៍ខ្លាំងក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ក្នុងចំណោមនិស្សិតទាំងអស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz