ចំនួនអ្នកស្លាប់ដោយសារការបាក់ដីអណ្ដូងរ៉ែត្បូងថ្មនៅប្រភេទភូមា បានកើនដល់ ១៤៦ នាក់ហើយ
ក្រសួងព័ត៌មានភូមាបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីរ៉ែត្បូងថ្មដ៏ធំមួយ នៅរដ្ឋ Kachin ភាគខាងជើងប្រទេស ពេលនេះបានកើនឡើងដល់ ១៤៦នាក់ ហើយក្នុងនោះផងដែរមានអ្នករងរបួសចំនួន ៣១នាក់។ ហេតុការណ៍នេះវាបណ្តាលមកពីភ្លៀងមូសុង ដែលបានធ្វើឱ្យមានការរអិលបាក់ដីនៅកន្លែងរករ៉ែត្បូងថ្មមួយកន្លែង ស្ថិតក្នុងភូមិ Sate Mu សង្កាត់ Hpakant កាលពីវេលាម៉ោង ៨ និង ០០ នាទីព្រឹកម៉ោងក្នុងស្រុក។ យោងតាមព័ត៌មានមុនពីក្រុមការងារព័ត៌មានរបស់យោធាបានឱ្យដឹងថា ជញ្ជាំងកម្ពស់ ៣០៤.៨ ម៉ែត្រ បានបាក់ធ្លាក់ចូលទៅក្នុងស្រះនៅឯកន្លែងជីករ៉ែនោះ។

ឥឡូវនេះសហគ្រាសត្បូងមីយ៉ាន់ម៉ា បានចេញសេចក្តីណែនាំដល់ក្រុមហ៊ុនរ៉ែត្បូងថ្មឱ្យផ្អាកប្រតិបត្តិការនៅទីតាំងទាំងនោះ រយៈពេល ៣ខែ ដោយចាប់ផ្តើមពីដើមខែនេះតទៅ។ លោក U Min Thu នាយកគ្រប់គ្រងសហគ្រាសក្រោមក្រសួងធនធាននិងការសន្ទនាបរិស្ថានបានប្រាប់ស៊ីនហួថា៖«វាមានគ្រោះថ្នាក់ក្នុងការធ្វើប្រតិបត្តិការរុករករ៉ែនៅគ្រប់កន្លែង ដោយសារថាវានឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងរដូវមូសុង»។ យោងតាមសេចក្តីណែនាំរបស់សហគ្រាស ការផ្អាកនេះនឹងត្រូវបានដាក់នៅក្នុងតំបន់រ៉ែ Lone Khin-Hpakant តំបន់រ៉ែនៅរដ្ឋ Kachin, កន្លែងជីករ៉ែ Kani នៅតំបន់ Maw Luu-Maw Han ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា៕



អត្ថបទ៖ លីដា
ប្រភព៖ China Daily