កើនទៅៗហើយ! ៣ថ្ងៃជាប់គ្នាហើយ ដែលអាមេរិកមានអ្នកជំងឺកូវីដ ១៩ ជាង ៥០,០០០ករណីក្នុងមួយថ្ងៃ
អាមេរិក៖ សារព័ត៌មាន channelnewsasia បានរាយការណ៍ថា សហរដ្ឋមេរិកបានជួបប្រទះនូវកំណត់ត្រាដ៏អាក្រក់មួយក្នុងការរាតត្បាតជំងឺកូវីដ ១៩ ដោយអាមេរិកមានអ្នកឆ្លងថ្មីក្នុងចំនួនច្រើនជាង ៥០ ០០០ ករណីក្នុងមួយថ្ងៃនិងមានរយៈពេល ៣ ថ្ងៃជាប់គ្នាហើយគិតមកទល់នឹងពេលនេះ។ គេនៅចាំបានថាកន្លងមកមានតែប្រទេសប្រេស៊ីលប៉ុណ្ណោះដែលធ្លាប់រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៥០ ០០០ ករណីក្នុងមួយថ្ងៃ តែក៏មិនបានកើតឡើង ៣ ថ្ងៃជាប់គ្នាដូចអាមេរិកដែរ។ រលកនៃការរាតត្បាតជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកត្រូវបានគេកត់សម្គាល់ថា បានធ្វើដំណើរយ៉ាងលឿនចេញពីរដ្ឋមួយទៅរដ្ឋមួយហើយក្នុងរយៈពេលត្រឹមតែ ១៤ ថ្ងៃប៉ុណ្ណោះ ជំងឺកូវីដ ១៩ បានធ្វើដំណើរចេញពីរដ្ឋចំនួន ៣៧ ទៅដល់រដ្ឋសរុបចំនួន ៥០ នៃសហរដ្ឋអាមេរិក។

បើតាមរបាយការណ៍ការរបស់អាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា ក្នុងចំណោមរដ្ឋទាំង ៥០ នោះ គឺរដ្ឋ Florida មានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយជាមធ្យមរដ្ឋមួយនេះមានចំនួនឆ្លងថ្មីប្រមាណជា ១០ ០០០ នាក់ ក្នុងមួយថ្ងៃ ខណៈរដ្ឋ Florida មានពលរដ្ឋសរុបចំនួន ២១ លាននាក់។ គួររម្លឹកជូន កន្លងមកអ្នកជំនាញអាមេរិកធ្លាប់បានព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងសហរដ្ឋអាមេរិកអាចកើតដល់ ១០០ ០០០ ក្នុងមួយថ្ងៃទៀតផង ប្រសិនបើពលរដ្ឋអាមេរិកនៅតែមិនព្រមនាំគ្នាពាកម៉ាស់ និងនៅតែបន្តធ្វើការជួបជុំគ្នាបំពាននឹងបំរាមរបស់អាជ្ញាធរ។ សូមបញ្ជាក់ជូនថាគិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២ ៨៣៧ ១៨៩ ករណី និងស្លាប់ចំនួន ១៣១ ៤៨៥ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia