អភិបាលរដ្ឋ Texas ចេញបទបញ្ជាតម្រូវឱ្យពាក់ម៉ាស់មុខ ក្រោយករណីកូវីដ១៩ នៅទូទាំងរដ្ឋមានការកើនឡើងកាន់តែខ្លាំង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អភិបាលរដ្ឋ Texas លោក Greg Abbott បានបញ្ជាឱ្យមានការពាក់ម៉ាស់មុខនៅកន្លែងសាធារណៈ ដោយសារតែករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងខ្លាំង ក្នុងមួយរយៈពេលប៉ុន្មានចុងក្រោយនេះ។ បទបញ្ជានេះអនុវត្តចំពោះស្រុកដែលមានករណី COVID-19 ចំនួន ២០ ឬច្រើនជាងនេះ ហើយត្រូវអនុវត្តដូចគ្នានៅទូទាំងស្រុកចំនួន ២៥៤ របស់រដ្ឋ Texas ។ រដ្ឋ Texas កាលពីថ្ងៃពុធបានកំណត់ត្រាករណីចំនួនជាង ៨,០០០ ក្នុងមួយថ្ងៃ ដែលជាការកើនឡើងពីចំនួន ២,៤០០នាក់ កាលពី ២សប្តាហ៍មុន។

អាមេរិកនឹងឈានចូលដល់ថ្ងៃបុណ្យឯករាជ្យភាពនៅថ្ងៃទី៤ ខែកក្កដា ចុងសប្តាហ៍នេះ ក៏ប៉ុន្ដែឆ្នេរសមុទ្រខ្លះត្រូវបិទឆ្នេរ និងបិទការបាញ់កាំជ្រួច ដោយសារការរាតត្បាតនាពេលថ្មីៗនេះ។ ឥឡូវនេះសហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 រហូតដល់ទៅជាង ២.៧ លាននាក់ នៅទូទាំងប្រទេស ហើយក៏មានអ្នកស្លាប់ជាង ១២៨,០០០នាក់ ចាប់តាំងពីមានការរាតត្បាតពី COVID-19 ផងដែរ។ អភិបាលរដ្ឋ Texas លោក Greg Abbott បាននិយាយថា ការបញ្ជាឱ្យមានការពាក់ម៉ាស់នេះ នឹងធ្វើឱ្យរដ្ឋអាចបន្ដបើកទ្វារទៅមុខទៀតបាន ហើយអ្នកល្មើសអាចត្រូវពិន័យជាទឹកប្រាក់ ២៥០ ដុល្លារ៕




អត្ថបទ៖ លីដា
ប្រភព៖ BBC