ទីក្រុង Gwangju របស់កូរ៉េខាងត្បូង បានចេញគោលការណ៍រក្សាគម្លាតឡើងវិញ បន្ទាប់ពីមានករណីកូវីដ១៩ ថ្មីៗកើនឡើង
ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា ខ្លួនបានបញ្ជាក់ករណីឆ្លងជំងឺ COVID-19 ចំនួន ៦៣ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ ហើយភាគច្រើននៃករណីគឺកើតចេញពីការឆ្លងក្នុងគ្រួសារ នៅខាងក្រៅទីក្រុងសេអ៊ូល ដែលបង្កឱ្យមានការដាក់ចេញមកវិញនូវការណែនាំរក្សាគម្លាតយ៉ាងតឹងរ៉ឹង ខណៈអាជ្ញាធរកំពុងមានការព្រួយបារម្ភ និងបានបន្ដឃ្លាំមើលពីហានិភ័យនៃរលកទី២។ វាជាចំនួនមួយដែលខ្ពស់បំផុតក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ ខណៈដែលនៅក្នុងទីក្រុង Gwangju តែមួយមានករណីប្រហែល ៥០ ត្រូវបានបញ្ជាក់។

ការឆ្លងរាលដាលនៅខាងក្រៅទីក្រុងសេអ៊ូល បានបង្ហាញពីការកើនឡើងនៃករណីជំងឺ COVID-19 ប្រកបដោយចីរភាព ហើយមួយរយៈចុងក្រោយនេះវាមានការកើនឡើងករណីយ៉ាងច្រើន បន្ទាប់ពីប្រទេសនេះបានស្ងាត់ជំងឺ COVID-19 រយៈពេល ២ ខែមកហើយ។ ករណីដំបូងឡើយគឺចេញពីកន្លែងកម្សាន្តរាត្រី ហើយក្រោយៗមកទៀតក៏មានករណីលើសិស្សសាលា -ល-។ ទីក្រុង Gwangju ក៏បានកំណត់ឱ្យមានការរក្សារគម្លាតឡើងវិញ និងអនុញ្ញាតឱ្យមានការជុំគ្នាជាហ្វូងតែ ១០០នាក់ សម្រាប់នៅខាងក្រៅ ឬ ៥០នាក់ សម្រាប់នៅខាងក្នុងអគារផ្សេងៗ។
ប្រទេសកូរ៉េខាងត្បូងធ្លាប់បានទទួលការកោតសរសើរយ៉ាងខ្លាំងពីពិភពលោក ទៅលើសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងជំងឺ ក៏ប៉ុន្តែជំងឺនៅតែត្រឡប់មកវិញបាន ហើយនេះវាមានន័យថាយើងនៅឆ្ញាយពីទីបញ្ចប់នៃជំងឺណាស់។ ករណីថ្មីៗទាំងនេះនាំឱ្យកូរ៉េខាងត្បូងមានករណីសរុប ១២,៩៦៧នាក់ និងមានពលរដ្ឋចំនួន ២៨២នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times