ហុងកុងចាប់បានជនល្មើស ៤នាក់ ក្រោយធ្វើការលក់ម៉ាស់ក្លែងក្លាយចំនួន ៦លាន ក្នុងតម្លៃ ២លានដុល្លារអាមេរិក ទៅឱ្យរដ្ឋាភិបាល
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលហុងកុងបានទិញម៉ាស់មុខជាង ៦លាន នៅក្នុងតម្លៃ ១៥លានដុល្លារហុងកុង (២លានដុល្លារអាមេរិក) ប៉ុន្តែក្រោយមកក៏រកឃើញថាវាជាម៉ាស់ក្លែងក្លាយ ដែលជំរុញឱ្យមានការចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់។ យោងតាមកាសែត South China Morning Post កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ម៉ាស់ទាំងនេះត្រូវបានទិញដោយនាយកដ្ឋានភស្តុភាររបស់រដ្ឋាភិបាល (GLD) នៅក្នុងខែមីនា ហើយម៉ាស់គឺស្ថិតក្រោមឡូហ្គោ Medicom ដែលជាក្រុមហ៊ុនល្បីល្បាញ ផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងពិភពលោក។

ម៉ាស់ត្រូវបានបញ្ជូនមកជាដំណាក់កាល (batch) ហើយក្នុងនោះមានម៉ាស់ទាំង ៦.៧ លាន ក៏ត្រូវបានចែកចាយទៅមន្ទីររដ្ឋាភិបាលចំនួន ១១ ក្នុងទីក្រុងហុងកុងផងដែរ ក៏ប៉ុន្តែក្រុមហ៊ុន Medicom Asia បានអះអាងថា ខ្លួនមិនផ្គត់ផ្គង់ម៉ាស់ឱ្យនាយកដ្ឋានភស្តុភាររបស់ទីក្រុងហុងកុង ចាប់តាំងពីដើមឆ្នាំមកម៉្លេះ។ ទីក្រុងហុងកុងក៏បានចាប់ខ្លួនមនុស្សចំនួន ៤នាក់ ដោយមានស្ត្រី ២នាក់ និងបុរស ២នាក់ នៅក្រោមការចោទប្រកាន់ពីបទរំលោភបទបញ្ញត្តិពាណិជ្ជកម្ម ប៉ុន្តែយាងណាពេលនេះពួកគេនៅក្រៅឃុំនៅឡើយ ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។
គេនៅមិនដឹងថាម៉ាស់ទាំងនោះត្រូវបានគេប្រើប្រាស់ឬនៅនោះទេ ហើយពេលនេះពួកគេកំពុងអំពាវនាវឱ្យប្រមូលម៉ាស់ទាំងនោះមកវិញ។ នៅក្នុងការតាមចាប់ម៉ាស់ក្លែងក្លាយនេះ ពួកគេក៏រកឃើញមានការលក់អាល់កុលក្លែងក្លាយផងដែរ។ គួរឱ្យដឹងដែរថា តាមបទបញ្ញត្តិនៃការពិពណ៌នាពាណិជ្ជកម្ម ជនណាដែលផ្គត់ផ្គង់ទំនិញដោយមានការពិពណ៌នាមិនពិត ឬពាណិជ្ជសញ្ញាក្លែងក្លាយ នៅក្នុងពាណិជ្ជកម្ម ឬក្នុងជំនួញ ត្រូវទទួលខុសត្រូវចំពោះការពិន័យជាប្រាក់អតិបរមាចំនួន ៥០០,០០០ ដុល្លារហុងកុង និងជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ៕


អត្ថបទ៖ លីដា
ប្រភព៖ South China Morning Post