ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកប្រមូលទិញយកថ្នាំ Remdesivir ទាំងអស់ពី Gilead Sciences ក្រោយដឹងថ្នាំនេះមានប្រសិទ្ធភាពជាមួយជំងឺកូវីដ១៩

    BY autoadmin July 3, 2020
    សហរដ្ឋអាមេរិកប្រមូលទិញយកថ្នាំ Remdesivir ទាំងអស់ពី Gilead Sciences ក្រោយដឹងថ្នាំនេះមានប្រសិទ្ធភាពជាមួយជំងឺកូវីដ១៩

    សហរដ្ឋអាមេរិកបានប្រមូលទិញយកថ្នាំ Remdesivir ស្ទើរតែទាំងអស់ពីស្តុកថ្នាំសម្រាប់ការលក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៣ខែ ពីក្រុមហ៊ុន Gilead Sciences ។ ថ្នាំនេះផ្ទាល់ត្រូវបានគេនិយាយថា មានប្រសិទ្ធភាពជាមួយអ្នកជំងឺ COVID-19 ហើយអាចកាត់បន្ថយរយៈពេលឈឺជាមធ្យម ៤ ថ្ងៃផងដែរ។ ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក (HHS) បានប្រកាសពីដំណឹងនេះកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថា ក្រោមការយកចិត្តទុកដាក់របស់លោកប្រធានាធិបតីលើសុខភាពពលរដ្ឋ សហរដ្ឋអាមេរិកបានទិញយក Remdesivir ច្រើនជាង ៥០០,០០០ ឈុត សម្រាប់មន្ទីរពេទ្យនៅអាមេរិករហូតដល់ខែកញ្ញា។

    ដូច្នេះមានន័យថាសហរដ្ឋអាមេរិកទិញផ្ដាច់ស្ដុក ១០០% សម្រាប់ខែកក្កដា និង ៩០% សម្រាប់ខែសីហា និងខែកញ្ញា។ ថ្នាំ Remdesivir គឺជាថ្នាំដំបូងបង្អស់ដែលបង្ហាញពីភាពប្រសើរឡើងសម្រាប់អ្នកជំងឺ COVID-19 នៅក្នុងការសាកល្បងព្យាបាលជាផ្លូវការ ហើយព័ត៌មានថ្មីៗអំពីប្រសិទ្ធភាពរបស់វា កំពុងត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់នៅជុំវិញពិភពលោក ខណៈដែលប្រទេសនានាកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកាចសាហាវមួយនេះ។ កាលពីខែឧសភា និយ័តករអាមេរិកបានអនុញ្ញាតឱ្យប្រើថ្នាំនេះសម្រាប់ការពិសោធន៏បន្ទាន់ ហើយក្រោយមកវាដូចជាជួយអ្នកជំងឺមួយចំនួនឱ្យជាសះស្បើយលឿន។

    ជម្រាបដែរថាថ្នាំ Remdesivir ដើមឡើយគឺសម្រាបព្យាបាលជំងឺអេបូឡា តែវាហាក់មិនមានប្រសិទ្ធភាពនោះទេ ក៏ប៉ុន្តែសម្រាប់ជំងឺ COVID-19 គឺមានប្រសិទ្ធភាព ដោយសារជំងឺនេះស្ថិតក្នុងគ្រួសារវីរុសកូរ៉ូណាដូចគ្នា។ កាលពីដើមសប្ដាហ៍ក្រុមហ៊ុន Gilead Sciences ក៏ទើបតែបានប្រកាសថា ថ្នាំនេះមានតម្លៃ ២,៣៤០ ដុល្លារអាមេរិក សម្រាប់ការព្យាបាលរយៈពេល ៥ថ្ងៃ លើអ្នកជំងឺម្នាក់ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Aljazeera

    Share This Post: