ប្លែកមែនទែន! កោះតៃវ៉ាន់ផ្តល់ជូនការហោះហើរក្លែងក្លាយ ដើម្បីឱ្យអតិថិជនអាចចូលមក ត្រួតពិនិត្យ អង្គុយ និង Check-in ធ្វើដូចមែនទែនបាន
ចាប់តាំងពីចូលដល់សម័យកាលជំងឺ COVID-19 អស់រយៈពេលខ្ទង់ ៧ខែ មកហើយនេះ ឃើញថាគម្រោងការដើរលេងក្រៅស្រុករបស់យើងគ្រប់គ្នាសុទ្ធតែត្រូវបានបំផ្លាញ ដោយសារតែជើងហោះហើរទាំងអស់ត្រូវបានបិទ ឬអាចនិយាយបានថា បើកសម្រាប់តែប្រទេសមានហានិភ័យទាប ហើយក្នុងស្ថានភាពចាំបាច់ប៉ុណ្ណោះ។ ទោះបីជាមានការបើកទ្វារជើងហោះហើរឡើងវិញ ក៏មិនមែនមានន័យថាយើងអាចចាប់ផ្ដើមដើរលេងបានភ្លាមៗនោះដែរ ពោលគឺទាល់តែវ៉ាក់សាំងត្រូវបានគេរកឃើញ ទើបយើងអាចមានអារម្មណ៍ថាសុវត្ថិភាព។

ដើម្បីដោះស្រាយបញ្ហាអ្នកចង់ Check-in ដើរលេងកម្សាន្តទៅក្រៅប្រទេសប៉ុន្តែមិនអាចចេញទៅប្រទេសណាបាន អាកាសយានដ្ឋាន Songshan ឬអាកាសយានដ្ឋានអន្តរជាតិតៃប៉ិ បានរកឃើញដំណោះស្រាយប្លែកថ្មីមួយ គឺការបើកឱ្យអតិថិជនចូលមកជិះលើយន្តហោះធ្វើដូចមែនទែន ហើយបន្ទាប់មកទៀតពួកគេអាចអញ្ចើញចុះចេញពីយន្តហោះវិញបាន។ អតិថិជនដែលបានមក Check-in ទាំងនោះត្រូវបានជ្រើសរើសចេញពីអ្នកដាក់ពាក្យចំនួន ៧,០០០ ហើយមានតែ ៦០នាក់ ប៉ុណ្ណោះដែលមានសំណាង។
យោងតាមសារព័ត៌មានរ៉យទ័របាននិយាយថា អ្នកដំណើរត្រូវបានផ្តល់ជូននូវការជិះយន្តហោះ ដោយមានការចូលប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ និងសន្តិសុខ ដូចជាពេលឡើងយន្តហោះមែនទែ។ ពួកគេត្រូវបានអនុញ្ញាតឱ្យជិះយន្តហោះពិតៗម៉ូដែល Airbus A330 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់តៃវ៉ាន់គឺ China Air។ គ្រប់យ៉ាងគឺធ្វើដូចជាពេលជិះយន្តហោះពិតទាំងអស់ លើកលែងតែម៉្យាងគឺយន្តហោះមិនបានហោះទៅណានោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ