អ្នកវិទ្យាសាស្ដ្ររាប់រយនាក់អះអាងថា ជំងឺកូវីដ១៩ គឺអាចឆ្លងតាមខ្យល់ ហើយ WHO គួរតែពិនិត្យអនុសាស្ដ្រខ្លួនឯងឡើងវិញ
យោងតាមការចុះផ្សាយរបស់ការសែត New York Times កាលពីថ្ងៃសៅរ៍ ចុះផ្សាយបន្ដដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្ររាប់រយអ្នកមានភស្តុតាងដែលអះអាងថាជំងឺ COVID-19 គឺជាជំងឺឆ្លងតាមខ្យល់ (airborne) ហើយសំណូមពរឱ្យអង្គការសុខភាពពិភពលោក (WHO) ពិនិត្យអនុសាស្ដ្រមុនៗរបស់ខ្លួនឡើងវិញ។

គួរឱ្យដឹងដែរថា អង្គការសុខភាពពិភពលោកយល់ថាជំងឺ COVID-19 រាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈតំណក់តូចៗចេញពីច្រមុះ ឬមាត់ ដែលត្រូវបានបញ្ចេញមកនៅពេលអ្នកឆ្លងជំងឺនេះបានក្អក កណ្តាស់ ឬនិយាយខ្លាំងៗ។ ប៉ុន្ដែយ៉ាងណានៅក្នុងលិខិតចំហដែលផ្ញើទៅកាន់ WHO ដោយមានអ្នកវិទ្យាសាស្ដ្រប្រមាណ ២៣៩នាក់ បានរួមមតិគ្នានិយាយថា COVID-19 ជាជំងឺឆ្លងតាមខ្យល់។
អ្នកវិទ្យាសាស្ដ្រទាំងនោះក៏គ្រោងនឹងបោះពុម្ភផ្សាយការរកឃើញរបស់ពួកគេ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រនៅសប្តាហ៍ក្រោយ ប៉ុន្តែពួកគេចង់ឱ្យ WHO ពិនិត្យឡើងវិញរាល់អនុសាស្ត្ររបស់ខ្លួន ដែលថាជំងឺ COVID-19 មិនអាចឆ្លងតាមខ្យល់។ យ៉ាងណាក៏ដោយ WHO នៅមិនទាន់ឆ្លើយតបមកកាន់រ៉យទ័រ តាមការសុំបញ្ជាក់នោះទេ។ ហើយ WHO ក៏ធញលាប់និយាយដដែលៗដែរថា គ្មាភស្តុតាងដែលជំងឺ COVID-19 ជាជំងឺឆ្លងតាមខ្យល់៕



អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ