ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    UNAIDS៖ អត្រាស្លាប់នៃអ្នកផ្ទុកមេរោគ និងជំងឺអេដស៍អាចនឹងកើនឡើងខ្ពស់ ដោយសារការរំខានពីជំងឺកូវីដ១៩

    BY autoadmin July 7, 2020
    UNAIDS៖ អត្រាស្លាប់នៃអ្នកផ្ទុកមេរោគ និងជំងឺអេដស៍អាចនឹងកើនឡើងខ្ពស់ ដោយសារការរំខានពីជំងឺកូវីដ១៩

    UNAIDS ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍និងជំងឺអេដស៍ (HIV/AIDS) កំពុងព្រមានពីការកើនឡើងនៃការស្លាប់ដែលអាចកើតមានពីអ្នកមានផ្ទុកមេរោគឬជំងឺអេដស៍ ដោយសារការរំខានដល់ការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ COVID-19។ របាយការណ៍របស់ UNAIDS ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទប៉ាន់ស្មានថា ប្រជាជន ១.៧ លាននាក់ នៅជុំវិញពិភពលោកបានឆ្លងមេរោគអេដស៍កាលពីឆ្នាំមុន ហើយតួលេខនោះគឺទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៩។

    ការស្លាប់ដោយសារជំងឺទាក់ទងនឹងជំងឺអេដស៍ក៏ធ្លាក់ចុះដល់ ៦៩០,០០០នាក់ ដែលនេះគឺជាសញ្ញាធូរស្រាលមួយ ដោយសារថាការប្រើប្រាស់ថ្នាំប្រឆាំងវីរុសកាន់តែទូលំទូលាយជាងមុន។ របាយការណ៍ក៏បាននិយាយដែរថា មានមនុស្ស ២៥.៤ លាននាក់ បានទទួលការព្យាបាលសង្គ្រោះជីវិតកាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះជំងឺរាតត្បាត COVID-19 បានប៉ះពាល់ដល់ការទទួលបានការព្យាបាលរបស់ពួកគេ និងអ្នកជំងឺដទៃទៀត។ ពោលគឺ UNAIDS បាននិយាយថា ការអនុវត្តការបិទទ្វារប្រទេសបានធ្វើឱ្យមានការរំខានដល់ការចែកចាយថ្នាំ និងការការពារផ្សេងៗ។

    UNAIDS ព្រមានថា ការរំខានរយៈពេល ៦ខែ ក្នុងការព្យាបាលមេរោគអេដស៍អាចបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាងពាក់កណ្តាលលាននាក់ នៅក្នុងអនុតំបន់ សាហារ៉ា-អាហ្វ្រិក នៅចុងឆ្នាំ២០២១ ហើយអង្គការសុខភាពពិភពលោកក៏កំពុងបង្ហាញការព្រួយបារម្ភផងដែរ។ WHO បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសចំនួន ៧៣ នៅជុំវិញពិភពលោកកំពុងស្ថិតក្នុងហានិភ័យអស់ឱសថសម្រាប់ប្រឆាំងមេរោគអេដស៍។ ដូច្នេះអង្គការទាំង ២ ពេលនេះកំពុងអំពាវនាវដល់រដ្ឋាភិបាលនានា ដើម្បីឱ្យពួកគេយកចិត្តទុកដាក់លើអ្នកផ្ទុកនិងឆ្លងជំងឺអេដស៍ឱ្យបានត្រឹមត្រូវ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: