មកទល់ពេលនេះមានពលរដ្ឋប្រមាណ ៥៨នាក់បានស្លាប់ និងរាប់លាននាក់ត្រូវជម្លៀសចេញពីផ្ទះ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយប្រហារប្រទេសជប៉ុន
យ៉ាងហោចណាស់មានមនុស្ស ៥៨នាក់ បានស្លាប់ដោយសារទឹកជំនន់ រយៈពេលជាច្រើនថ្ងៃជាប់គ្នានៅឯប្រទេសជប៉ុន។ នៅព្រឹកថ្ងៃពុធនេះផ្នែកខ្លះនៃទីក្រុង Nagano និង Gifu នៅកណ្តាលប្រទេសជប៉ុន ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង។ រូបភាពនៅលើកញ្ចក់ទូរទស្សន៍ NHK បានបង្ហាញពីទឹកនៅក្នុងទន្លេហ៊ីដាដែលហូរបោកបក់ច្រាំងទន្លេ ដោយបំផ្លាញផ្លូវជាតិមួយនៅតាមដងទន្លេនោះ។ នៅទីប្រជុំជនភ្នំ Takayama មានផ្ទះជាច្រើនត្រូវបានវាយប្រហារដោយការរអិលបាក់ដី ដើមឈើរលំ និងកម្ទេចកម្ទីផ្សេងៗរាយប៉ាយនៅជុំវិញ ខណៈមិនទាន់ដឹងថាមានអ្វីកើតឡើងចំពោះអ្នកស្រុកនៅឡើយទេ។

នៅទូទាំងប្រទេសជប៉ុនប្រជាជនប្រមាណ ៣.៦ លាននាក់ ត្រូវបានគេណែនាំឱ្យជម្លៀសចេញ ហើយគិតត្រឹមព្រឹកថ្ងៃពុធចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន បានកើនឡើងដល់ ៥៨នាក់ ដែលភាគច្រើនមកពីខេត្ត Kumamoto ដែលជាខេត្តរងគ្រោះខ្លាំងជាងគេ។ ក្នុងនោះផងដែរមានមនុស្សចំនួន ១៤នាក់ កំពុងបាត់ខ្លួននៅឡើយទេ នៅពេលដែលទឹកជំនន់បានប៉ះពាល់ដល់តំបន់ភាគខាងត្បូង។
ឥឡូវនេះកម្លាំងកងទ័ព ប៉ូលីស និងបុគ្គលិកជួយសង្គ្រោះរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានកេណ្ឌពីទូទាំងប្រទេសដើម្បីចូលរួមចំណែកក្នុងការជួយ ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយភ្លៀង ទឹកជំនន់ រអិលភក់ និងការរំខានដល់ការទំនាក់ទំនងជាដើម៕


អត្ថបទ៖ លីដា
ប្រភព៖ The Guardian