អន្តរជាតិ

ដ្រូនរាប់រយគ្រឿងត្រូវបានបង្ហោះទៅលើអាកាសនៅទីក្រុងសេអ៊ូល ដើម្បីអរគុណដល់គ្រូពេទ្យជួរមុខ និងរំលឹកពលរដ្ឋឱ្យចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ទាំងអស់គ្នា

BY
autoadmin
July 9, 2020

កាលពីពេលថ្មីៗនេះទីក្រុងសេអ៊ូលមានការបង្ហោះដ្រូនលើអាកាសចំនួន ៣០០គ្រឿង តាមបណ្ដោយទន្លេហាន ចេញជារូបគ្រូពេទ្យជួរមុខ ការរក្សាគម្លាត ការពាក់ម៉ាស់ និងការសម្អាតដៃ -ល- ដើម្បីអរគុណទៅដល់គ្រូពេទ្យនិងពលរដ្ឋ ក៏ដូចជារំលឹកដល់គ្រប់គ្នាឱ្យមានការប្រុងប្រយ័ត្ន និងបន្ដអនុវត្តការទប់ស្កាត់ជំងឺ COVID-19 ទាំងអស់គ្នា។ ដ្រូនរាប់រយត្រូវបានគេបង្ហោះឡើងរយៈពេល ១០នាទី កាលពីរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅឯទន្លេហានរបស់រដ្ឋធានីកូរ៉េខាងត្បូង ហើយពលរដ្ឋជាច្រើនដែលនៅទីនោះក៏បានទស្សនា និងផ្ដិតយកទស្សនីយភាពយ៉ាងស្រស់ស្អាតនេះផងដែរ។

ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនបានរៀបចំការដាក់តាំងបង្ហាញនេះ ហើយបានថ្លែងថាពាក្យ «អរគុណ» នៅក្នុងការបង្ហោះដ្រូននោះគឺសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ។ ការបង្ហោះនេះក៏មិនបានផ្សព្វផ្សាយជាមុននោះដែរ ព្រោះវាជាការមិនឱ្យដឹងមុន ដើម្បីលើកទឹកចិត្តប្រជាជនកូរ៉េខាងត្បូង និងដោយសារតែអាជ្ញាធរមិនចង់ឱ្យអ្នកទស្សនា មកប្រមូលផ្តុំគ្នាជាហ្វូង និងភ្លេចអំពីច្បាប់រក្សាគម្លាតនោះទេ។ គួរឱ្យដឹងដែរថា ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃជំងឺ COVID-19 ប្រទេសកូរ៉េខាងត្បូងមានករណីសរុបចំនួន ១៣,១៨១ ករណី ហើយមនុស្ស ២៨៥ នាក់បានស្លាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: