នារីម្នាក់ប្តឹងហាងកាហ្វេ Starbucks នៅអាមេរិក ក្រោយបុគ្គលិកសរសេរពាក្យថា “ISIS” នៅលើកំប៉ុងកាហ្វេជំនួសឲ្យការសរសេរឈ្មោះពិតរបស់នាង
អន្តរជាតិ July 9, 2020 lyda

អាមេរិក៖ ស្រ្តីជាអ្នកកាន់សាសនាឥស្លាមម្នាក់បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន Starbuck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកពីបទបានរើសជាតិសាសន៍មកលើរូបគាត់ តាមរយៈបុគ្គលិកបម្រើការងារនៅក្នុងហាងកាហ្វេ Starbucks ម្នាក់បានសរសេរពាក្យថា “ISIS” នៅលើកំប៉ុងកាហ្វេជំនួសឲ្យការសរសេរឈ្មោះពិតរបស់នាង។ ស្រ្តីឥស្លាមរូបនេះមានឈ្មោះថា Aishah អាយុ ១៩ឆ្នាំ ហើយសកម្មភាពរើសអើងនោះបានកើតឡើងកាលពីថ្ងៃទី ១ ខែ កក្ដដាកន្លងទៅនេះ ខណៈរូបគាត់បានទៅទិញកាហ្វេញនៅក្នុងហាងកាហ្វេ​ Starbucks មួយកន្លែងនៅក្នុងរដ្ឋ​ Minnesota សហរដ្ឋអាមេរិក។

សូមបញ្ជាក់ជូនថា ហាងកាហ្វេ Starbucks មានទម្លាប់ខុសពីហាងកាហ្វេទូទៅមួយគឺរាល់ពេលដែលអតិថិជនបានបញ្ជាទិញភេសជ្ជៈរួចអ្នកគិតលុយនឹងសួរឈ្មោះអតិថិជនដើម្បីសរសេរនៅលើកំប៉ុង ហើយបន្ទាប់ពីភេសជ្ជៈត្រូវបានវេចខ្ចប់រួចគេនឹងហៅឈ្មោះអតិថិជននោះផ្ទាល់តែម្តងដើម្បីឲ្យមកយកភេសជ្ជៈ ខណៈហាងកាហ្វេផ្សេងទៀតគេគ្រាន់តែហៅលេខរៀងនៅលើក្រដាសវិក័យប័ត្រប៉ុណ្ណោះ។

ដោយឡែកពាក្យថា “ISIS” គឺសំដៅទៅលើក្រុមឥស្លាមជ្រុលនិយមមួយក្រុមតូចដែលមាននិន្នាការធ្វើភេរវកម្មប្រឆាំងអាមេរិកនិងប្រទេសធំៗជាច្រើនទៀតនៅលើពិភពលោក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះយុវតី Aishah បានព្យាយាមប្រាប់ឈ្មោះរបស់នាងជាច្រើនដងទៅកាន់បុគ្គលិកហាងកាហ្វេ Starbucks តែបុគ្គលិករូបនោះស្ដាប់ឈ្មោះនាងមិនច្បាស់ឡើយ ហើយក៏សម្រេចសរសេរពាក្យថា “ISIS” តែម្តងដើម្បីសម្គាល់រូបនាងដែលកំពុងស្លៀកពាក់បែបស្រ្តីឥស្លាម។ ឥរិយាបទនេះត្រូវបានយុវតី Aishah ចាត់ទុកថា ជារើសរើសអើងមួយមកកាន់ក្រុមឥស្លាមសាសនិកជន ពោលគឺគ្រាន់តែគេឃើញពលរដ្ឋឥស្លាមភ្លាមគេនាំគ្នាគិតថា ជាក្រុមជ្រុលនិយមជាក្រុមភេរវកតែម្តង។ គិតមកទល់នឹងពេលនេះពាក្យបណ្តឹងត្រូវបានរៀបចំនឹងបញ្ជូនទៅកាន់អាជ្ញាធរជាផ្លូវការហើយ តែគេមិនទាន់ដឹងថា អាជ្ញាធរអាមេរិកនឹងមានដំណោះស្រាយយ៉ាងណានៅឡើយទេ៕

នាង Aishah

អត្ថបទ៖ ភក្តី

ប្រភព៖ CNN