សមាគមអ្នកសារព័ត៌មាននឹងប្ដឹងទៅតុលាការកំពូល ប្រឆាំងនឹងលោក Jair Bolsonaro ដោយសារគាត់មិនពាក់ម៉ាស់នៅថ្ងៃប្រកាសថាឆ្លងជំងឺកូវីដ១៩ ទៅកាន់អ្នកសារព័ត៌មាន
- BY
- autoadmin
- July 9, 2020
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា សមាគមសារព័ត៌មានប្រេស៊ីល (Associação Brasileira de Imprensa) នឹងរៀបចំប្ដឹងទៅតុលាការកំពូលរបស់ប្រេស៊ីល ប្រឆាំងនឹងលោក Jair Bolsonaro ដោយសារប្រធានាធិបតីរូបនេះបានដោះម៉ាស់ចេញ នៅថ្ងៃដែលគាត់បានប្រកាសថាបានឆ្លងជំងឺ COVID-19 ។ ទង្វើបែបនេះបង្កហានិភ័យខ្លាំងណាស់ចំពោះអ្នកសារព័ត៌មានទាំងនោះ ខណៈពួកគេកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ដជំងឺ COVID-19 របស់លោកប្រធានាធិបតី។
មិនត្រឹមតែដោះម៉ាស់ចេញនៅពេលជិតចប់សន្និសីទកាសែត នៅឯរដ្ឋធានី Brasília ប៉ុណ្ណោះទេ គាត់ក៏មិនបានរក្សាគម្លាតនោះដែរ ដែលវាគឺខុសទាំងស្រុងជាមួយគោលការណ៍សុវត្ថិភាពសុខភាព។ សមាគមសារព័ត៌មានចោទប្រកាន់លោក Jari Bolsonaro ថាបង្កឱ្យមានហានិភ័យដល់ជីវិតរបស់អ្នកកាសែតដែលមានវត្តមាននៅទីនោះ។ ប្រធានសមាគម ABI គឺលោក Paulo Jeronimo de Souza បានមានប្រសាសន៍ថា៖«ប្រទេសនេះមិនអាចឈរមើលឥរិយាបទដែលគ្មានការទទួលខុសត្រូវ និងជាបទឧក្រិដ្ឋប្រឆាំងនឹងសុខភាពសាធារណៈ ដោយមិនមានប្រតិកម្មអ្វីសោះទេ»។
គួរឱ្យដឹងផងដែរថា មានអ្នកសារព័ត៌មានមកពី CNN Brasil, TV Record និង TV Brasil ដែលបានមានវត្តមាននៅថ្ងៃសន្និសីទកាសែតរង់ចាំលទ្ធផលនៃការធ្វើតេស្ដ
នោះ។ យ៉ាងណាក៏ដោយការិយាល័យរបស់លោក Jair Bolsonaro នៅមិនទាន់ឆ្លើយបំភ្លឺបញ្ហានេះទេ៕
អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post: