ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ទទួលស្គាល់ថា កូវីដ១៩ អាចសាយភាយតាមបរិយាកាស ក្រោយអ្នកវិទ្យាសាស្ត្រជាង ២០០នាក់ ស្នើឲ្យផ្លាស់ប្តូរការណែនាំរបស់ខ្លួន

    BY autoadmin July 10, 2020
    WHO ទទួលស្គាល់ថា កូវីដ១៩ អាចសាយភាយតាមបរិយាកាស ក្រោយអ្នកវិទ្យាសាស្ត្រជាង ២០០នាក់ ស្នើឲ្យផ្លាស់ប្តូរការណែនាំរបស់ខ្លួន

    អង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់លទ្ធភាពដែលថាជំងឺ COVID-19 អាចសាយភាយនៅលើអាកាស បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ២០០នាក់ បានជំរុញឱ្យទីភ្នាក់ងារសុខភាពមួយនេះ មើលឡើងវិញនូវអនុសាសន៍ចាស់របស់ខ្លួន។ WHO បានមើលឡើងវិញនិងទទួលស្គាល់ពីលទ្ធភាពនៃការសាយភាយលើអាកាសនៃជំងឺ​ បន្ទាប់ពីអ្នកអ្នកវិទ្យាសាស្ត្រ ២នាក់ មកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិក បានបង្ហោះលិខិតបើកចំហមួយទៅក្នុងទិនានុប្បវត្តិ Clinical Infectious Diseases ដោយបានសរសេរចំណងជើងថា៖ «វាដល់ពេលដែលត្រូវនិយាយពីការចម្លងក្នុងអាកាសនៃជំងឺ COVID-19»។

    នៅក្នុងលិខិតនោះអ្នកស្រាវជ្រាវទាំង ២នាក់ រួមជាមួយអ្នកវិទ្យាសាស្ដ្រជាង ២០០ នាក់ផ្សេងទៀត បានអំពាវនាវដល់អាជ្ញាធរជាតិនិងអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក សូមអនុម័តនូវវិធានការណ៍ការពារតឹងរឹងជាងនេះ។ រំលឹកដែរថា អង្គការសុខភាពពិភពលោកធ្លាប់បានច្រានចោលនូវលទ្ធភាពដែលថា មេរោគ COVID-19 ត្រូវបានរីករាលដាលនៅលើអាកាស លើកលែងតែករណីវេជ្ជសាស្ត្រមួយចំនួន។ ប៉ុន្តែពេលនេះអង្គការសុខភាពពិភពលោកបានយល់ស្របថា នៅក្នុងភោជនីយដ្ឋាន សកម្មភាពសិល្បៈ និងថ្នាក់កាយសម្បទា វីរុសនៃជំងឺ COVID-19 អាចត្រូវបានរីករាលដាលនៅលើអាកាស។ ​

    អង្គការសុខភាពពិភពលោកបាននិយាយថា «ការរាលដាលនៅក្នុងអាកាសជាពិសេសនៅក្នុងទីតាំងដូចជាកន្លែងមានមនុស្សកកកុញ និងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់ ក្នុងរយៈពេលដ៏យូរជាមួយអ្នកដែលឆ្លងមេរោគ មិនអាចត្រូវមើលរំលងនោះឡើយ»។ ក្រុមមន្រ្តីក៏បានចង្អុលបង្ហាញផងដែរថា មធ្យោបាយចម្លងផ្សេងទៀតដូចជាប៉ះ ឬទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សក្នុងបន្ទប់ (indoor) ក៏ប្រហែលជាអាចបង្កការចម្លងផងដែរ។ អង្គការក៏បានទទួលស្គាល់ពីការឆ្លងរវាងអ្នកមិនចេញរោគសញ្ញាទៅកាន់អ្នកផ្សេងផងដែរ ដែលចំណុចនេះ WHO មិនបានខ្វល់ខ្វាយយូរមកហើយ។

    អង្គការសុខភាពពិភពលោកបាននិយាយម្តងហើយម្តងទៀតថា ការចម្លងបែបនេះគឺកម្រណាស់ ទោះបីមានការយល់ស្របកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកថា ការរាលដាលពីអ្នកមិនចេញរោគសញ្ញាគឺជាបញ្ហាសំខាន់ក៏ដោយ។ ទីភ្នាក់ងារនេះបាននិយាយថា ការឆ្លងរាលដាលភាគច្រើនគឺតាមរយៈដំណក់ពីអ្នកឆ្លងមេរោគដែលក្អក ​​ឬកណ្តាស់​ ប៉ុន្តែបានបន្ថែមថា មនុស្សដែលគ្មានរោគសញ្ញាក៏មានសមត្ថភាពចម្លងជំងឺនេះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: