ប្រទេសចិនរកឃើញដានវីរុសកូវីដ១៩ នៅលើសំបកវេចខ្ចប់បង្គាក្លាសេនាំចូលពីប្រទេសអេក្វាឌ័រ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា អាជ្ញាធរចិនបានរកឃើញថា នៅលើកញ្ចប់វេចខ្ចប់និងនៅក្នុងកុងតឺន័របង្គាក្លាសេនាំចូលពីក្រៅ មានភាពវិជ្ជមានជាមួយជំងឺ COVID-19។ ប៉ុន្តែយ៉ាងណាប្រធានសុវត្ថិភាពចំណីអាហារលោក Bi Kexin បាននិយាយកាលពីថ្ងៃសុក្រថា គំរូវិជ្ជមានរបស់ COVID-19 ចំនួន៦ត្រូវបានគេរកឃើញពីសំណាកជិត ២២៣,០០០ ត្រូវបានយកមកពីអាហារក្លាសេដែលនាំចូល ប៉ុន្តែវាមិនមានន័យថាជំងឺ COVID-19 អាចឆ្លងតាមរយៈការវេចខ្ចប់អាហារបានទេ។ ការរកឃើញនេះគឺបន្ទាប់ពីទីក្រុងប៉េកាំងបានរកឃើញមានដានជំងឺ COVID-19 នៅលើជ្រុញកាត់សាច់ត្រីសាល់ម៉ុន នៅឯផ្សារបោះដុំ Xinfadi កាលពីខែមុន ហើយតាំងពីនោះមកអាជ្ញាធរចិនបានចាប់ផ្ដើមបង្កើនការប្រមូលសំណាក ដើម្បីពិនិត្យរកជំងឺ COVID-19 ។

សំណាកវិជ្ជមានត្រូវបានរកឃើញនៅខាងក្រៅសំបកវេចខ្ចប់ និងផ្នែកខាងក្នុងនៃកុងតឺន័រដាក់បង្គាក្លាសេ ដែលលក់ដោយក្រុមហ៊ុនអេក្វាឌ័រចំនួន ៣ ។ ប៉ុន្តែសំណាកពីក្នុងសាច់អាហារសមុទ្រទាំងនោះ ក៏ដូចជាផ្ទៃខាងក្នុងនៃការវេចខ្ចប់របស់វា គឺមានភាពអវិជ្ជមាននោះទេ។ ដូច្នេះវាមិនមែនមានន័យថា ជំងឺអាចចម្លងតាមរយៈនេះទេ ក៏ប៉ុន្តែវាបានបង្ហាញពីភាពខ្វះអនាម័យរបស់ក្រុមហ៊ុនទាំងនេះ។ ឥឡូវនេះប្រទេសចិនបានបិទការនាំចូលរបស់ក្រុមហ៊ុនទាំងនេះ ហើយសម្រាប់បង្គាទាំងនោះ មន្រ្តីចិននឹងធ្វើការដុតចោល ឬបញ្ជូនត្រឡប់ទៅក្រុមហ៊ុនដើមវិញ។ អាជ្ញាធរចិនក៏បានដាស់តឿនផងដែរថា អ្នកទិញគួរតែសម្អាតអាហារឱ្យបានស្អាតល្អ មុនពេលយកអាហារទាំងនោះទៅចម្អិនបរិភោគ ហើយអ្នកលក់ក៏ត្រូវតែបង្កើនអនាម័យក្នុងការលក់ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ South China Morning Post