អន្តរជាតិ

ប្រទេសថៃរំពឹងបង្កើតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ឱ្យបានរួចរាល់នៅចុងឆ្នាំ២០២១ ក្រោយរកឃើញលទ្ធភាពជោគជ័យពីការធ្វើតេស្ដលើសត្វស្វា

BY
autoadmin
July 13, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១៣ ខែកក្កដា បានឱ្យដឹងថា ប្រទេសថៃរំពឹងនឹងបញ្ចប់ដោយជោគជ័យនូវការបង្កើតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២១ ហើយបន្ទាប់ពីនោះពួកគេនឹងចាប់ផ្ដើមការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំ តាមរយៈក្រុមហ៊ុនជីវបច្ចេកវិទ្យា BioNet Asia ។ ការបង្កើតវ៉ាក់សាំងនេះផងដែរគឺជាការចាប់ដៃគ្នារវាងក្រុមអ្នកស្រាវជ្រាវថៃ និងសាកលវិទ្យាល័យផេនស៊ីលវេនៀ (University of Pennsylvania) នៃសហរដ្ឋអាមេរិក។

ការធ្វើតេស្ដទៅលើសត្វស្វាបានបង្ហាញថា អង្គបដិប្រាណ (antibodies) របស់វាមានការកើនឡើងកម្រិតខ្ពស់ ដែលជាក្ដីសង្ឃឹមថ្មីមួយទៀតដើម្បីឈានទៅដល់ការធ្វើតេស្ដលើមនុស្សនៅខែតុលា និងការបង្កើតវ៉ាក់សាំងជាផ្លូវការ។ គួរឱ្យដឹងដែរថាក្រុមអ្នកស្រាវជ្រាវថៃ និងដៃគូ បានកំពុងតេស្តវ៉ាក់សាំងលើសត្វស្វាចំនួន ១៣ក្បាល​​ ដោយប្រើវ៉ាក់សាំង mRNA នៅឯមជ្ឈមណ្ឌលស្រាវជ្រាវជាតិនៃសាកលវិទ្យាល័យជាតិនៅសារ៉ាបូរី ហើយពួកគេកំពុងមានក្ដីសង្ឃឹមខ្ពស់ថា ប្រទេសថៃអាចរកឃើញវ៉ាក់សាំងនៅចុងឆ្នាំក្រោយ ហើយផលិតវារាប់លាននៅចុងឆ្នាំក្រោយដូចគ្នា។

អ្នកស្រាវជ្រាវបាននិយាយថា កម្រិតអង្គបដិប្រាណដែលធ្លាប់បានធ្វើតេស្ដលើសត្វកណ្តុរដំបូងគឺចំនួន ៤០,៩៦០ ប៉ុន្តែនៅលើសត្វស្វាគឺមានតែ ៥,១២០ ប៉ុណ្ណោះ ដូច្នេះអ្នកស្រាវជ្រាវបានសម្គាល់ថាទំហំនៃសត្វទាំង២ប្រភេទ ក៏ជាកត្តាដែលធ្វើឱ្យចំនួនអង្គបដិប្រាណមានការប្រែប្រួលផងដែរ។ ទោះបីជាវាមានភាពខុសប្លែកគ្នាយ៉ាងណា ឱ្យតែអង្គបដិប្រាណមានកម្រិតលើសពី ១,០០០ នេះគឺជាអ្វីដែលអ្នកស្រាវជ្រាវកំពុងមានក្ដីសង្ឃឹមខ្ពស់។ ប្រទេសថៃគ្រោងធ្វើតេស្ដលើមនុស្សនៅខែតុលានេះ ហើយជំហានទី២គឺនៅខែធ្នូ ដល់ខែមីនា ឆ្នាំ២០២១។​ ក្នុងដំណាក់កាលទី៣នេះអ្នកស្រាវជ្រាវត្រូវការអ្នកចូលរួមចំនួន ១០,០០០នាក់ ដូច្នេះពួកគេក៏កំពុងត្រូវការអ្នកចូលរួមពីប្រេស៊ីល និងឥណ្ឌាផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: