យ៉ាងហោចណាស់មនុស្ស ២១នាក់ បានរងរបួស នៅក្នុងហេតុការណ៍ឆេះនាវាដឹកឧទ្ធម្ភាគចក្ររបស់អាមេរិក
អន្តរជាតិ July 13, 2020 lyda

ក្រុមពន្លត់អគ្គិភ័យកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងនៅលើនាវាចម្បាំងអាមេរិក ដែលកំពុងចតនៅឯមូលដ្ឋានកងទ័ពជើងទឹកទីក្រុងសាន់ឌីហ្គោ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នាវាត្រូវបានគេរាយការណ៍ថា មានផ្ទុកមនុស្សចំនួន ១៦០នាក់ នៅពេលអគ្គិភ័យបានលេចឡើង ហើយជាលទ្ធផលមានមនុស្ស ២១នាក់ បានរងរបួសដោយសារអគ្គិភ័យនេះ។ អគ្គិភ័យបានឆាបឆេះនាវាម៉ូដែល USS Bonhomme Richard នៅម៉ោងប្រមាណ ៨ និង ៣០ នាទី ព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ហើយផ្សែងនៅតែបន្តសាយភាយចេញពីនាវាជិត ១១ម៉ោងក្រោយមក។

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មាននាវិក ១៧នាក់ និងជនស៊ីវិល ៤នាក់ ត្រូវបានទទួលការព្យាបាលសម្រាប់របួសដែលមិនគ្រោះថ្នាក់ដល់ជីវិត នៅមន្ទីរពេទ្យក្នុងតំបន់»។ គួរឱ្យដឹងដែរថានាវា USS Bonhomme Richard គឺជានាវាចម្បាំងមួយ ដែលអាចដាក់ពង្រាយឧទ្ធម្ភាគចក្រ និងយន្តហោះផ្សេងទៀត។ នាវានេះធ្លាប់ត្រូវបានដាក់ពង្រាយនៅឯមូលដ្ឋានកងទ័ពជើងទឹកអាមេរិកមួយកន្លែង នៅឯ Sasebo ភាគខាងលិចប្រទេសជប៉ុន ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ ចំពោះមូលហេតុនៃអគ្គិភ័យ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ អគ្គិភ័យនេះក៏ទំនងនឹងបន្ដឆាបឆេះរាប់ថ្ងៃទៀតផងដែរ៕

អត្ថបទ​៖ លីដា
ប្រភព៖ Nippon Hōsō Kyōkai