អន្តរជាតិ

ប្រទេសរុស្ស៊ីប្រកាសពីភាពជោគជ័យលើការធ្វើតេស្ដវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើមនុស្ស ដំបូងគេបំផុតនៅលើពិភពលោក

BY
autoadmin
July 13, 2020

ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីបានទទួលជោគជ័យលើការធ្វើតេស្ដលើមនុស្សសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងគេបំផុតនៅលើពិភពលោក នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ Sechenov ក្នុងទីក្រុងម៉ូស្គូ។ សាកលវិទ្យាល័យ Sechenov ត្រូវបានគេឱ្យដឹងថា បានចាប់ផ្ដើមធ្វើតេស្ដលើមនុស្សដោយប្រើវ៉ាក់សាំងបង្កើតដោយវិទ្យាស្ថានផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamalei តាំងតែពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែមិនបានបញ្ជាក់ថាមានអ្នកស្ម័គ្រចិត្តប៉ុន្មាននាក់បានចូលរួមនោះទេ។ ក្រុមអ្នកស្ម័គ្រចិត្តលើកដំបូងដែលបានចូលរួមតេស្ដវ៉ាក់សាំងនេះ នឹងត្រូវរំសាយចេញនៅថ្ងៃពុធ ហើយក្រុមទី២ នឹងរំសាយនៅថ្ងៃទី២០ ខែកក្កដា នេះផ្ទាល់។

យោងតាមលោក Alexander Lukashev នាយកវិទ្យាស្ថានវេជ្ជសាស្ត្រប៉ារ៉ាស៊ីត នៅសាកលវិទ្យាល័យ Sechenov បាននិយាយថា គោលបំណងនៃដំណាក់កាលនៃការសិក្សានេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងសម្រាប់សុខភាពមនុស្ស ហើយពួកគេបានធ្វើវាដោយជោគជ័យ។ លោក Alexander Lukashev បានប្រាប់សារព័ត៌មាន Sputnik ថា៖«សុវត្ថិភាពវ៉ាក់សាំងត្រូវបានបញ្ជាក់។ វាត្រូវនឹងសុវត្ថិភាពនៃវ៉ាក់សាំងដទៃ ដែលមាននៅលើទីផ្សារដូចគ្នា»។ ចំណែកផែនការអភិវឌ្ឍវ៉ាក់សាំងបន្ថែមទៀតត្រូវបានកំណត់រួចហើយដោយអ្នកអភិវឌ្ឍន៍យុទ្ធសាស្ត្រ រួមមានទាំងភាពស្មុគស្មាញនៃស្ថានភាពរាលដាលនៃវីរុស និងលទ្ធភាពនៃការបង្កើនផលិតកម្ម។ ប៉ុន្តែប្រទេសរុស្ស៊ីនៅតែមិនទាន់និយាយថា នឹងមានចែកចាយទៅពិភពលោកពេលណានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NDTV

Share This Post: