WHO និយាយថា មានប្រទេសជាច្រើនណាស់ដែលដើរខុសទិសដៅ ក្រោយរកឃើញថាករណីកូវីដ១៩ កើនឡើងដល់ ២៣០,០០០ ករណីក្នុងមួយថ្ងៃទូទាំងពិភពលោក
ប្រមុខអង្គការសុខភាពពិភពលោកបានព្រមានថា ប្រទេសជាច្រើនមិនបានដោះស្រាយបញ្ហាជំងឺរាតត្បាត COVID-19 ឱ្យបានត្រឹមត្រូវនោះទេ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា ករណីជំងឺ COVID-19 ប្រចាំថ្ងៃបានកើនឡើងកាន់តែខ្លាំងឡើងៗ ដោយកាលពីថ្ងៃអាទិត្យ WHO បានទទួលរបាយការណ៍ថាមានករណីថ្មីជាង ២៣០,០០០ ត្រូវបានបញ្ជាក់។

វាជាចំនួនកើនឡើងប្រចាំថ្ងៃខ្ពស់ជាងគេមួយទៀត ដូច្នេះលោកប្រធានបាននិយាយថា «មានប្រទេសជាច្រើនកំពុងដើរផ្លូវខុស»។ លោកក៏បានព្រមានផងដែរថា ប្រសិនបើរដ្ឋាភិបាលមិនដាក់ចេញនូវយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដែលផ្តោតលើការលុបបំបាត់ការឆ្លង និងការជួយសង្គ្រោះជីវិតទេនោះ ជំងឺរាតត្បាតនឹងកាន់តែអាក្រក់ទៅៗ និងកាន់តែអាក្រក់ទៅៗ។
ប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកលោក Michael Ryan ក៏បាននិយាយដល់បណ្តាប្រទេសនៅអាមេរិកខាងជើង និងខាងត្បូង ដែលតំបន់ទាំងនោះជាកន្លែងជំងឺ COVID-19 នៅតែបន្តកើតមាន។ ដោយលោកបានស្នើថា ការបិទទ្វារមានកម្រិតគឺចាំបាច់ខ្លាំងណាស់ សម្រាប់តំបន់ដែលការចម្លងនៃជំងឺមិនអាចគ្រប់គ្រងបាន។ លោកក៏បានប្រាប់ដែរថា អ្នកជំនាញមួយក្រុមដែលមានគ្នា ២នាក់ ដែលអង្គការសុខភាពពិភពលោកបញ្ជូនទៅប្រទេសចិន ពេលនេះបានទៅដល់ប្រទេសចិនហើយ និងកំពុងធ្វើជាជាមួយអាជ្ញាធរចិនពីចម្ងាយ ដោយសារពួកគេត្រូវជាប់ធ្វើចត្តាឡីស័ក គោរពតាមគោលការណ៍ទប់ស្កាត់ជំងឺ។ យ៉ាងណាក៏ដោយវានៅមិនទាន់មានការបញ្ជាក់លម្អិតទេថា តើអ្នកជំនាញទាំង២នាក់ នឹងមានកាលវិភាគត្រូវធ្វើអ្វីខ្លះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK