ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកជិត ១,០០០នាក់​ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin July 14, 2020
    បុគ្គលិកមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកជិត ១,០០០នាក់​ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    បុគ្គលិកក្រុមហ៊ុនម៉ៅការឯកជនដែលធ្វើការនៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍សហរដ្ឋអាមេរិកជាង ៩៣០នាក់ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ បុគ្គលិកម៉ៅការទាំងនោះគឺមកពីក្រុមហ៊ុន​ CoreCivic (CXW.N), ក្រុមហ៊ុន GEO Group (GEO.N), ក្រុមហ៊ុន Management & Training Corp (MTC) និងក្រុមហ៊ុន LaSalle Corrections ដែលពួកគេធ្វើការឱ្យទីភ្នាក់ងារច្បាប់អន្តោប្រវេសន៍និងគយអាមេរិក (ICE) នៅក្នុងការតាមចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងនោះក៏រួមមានបុគ្គលិករបស់ ICE ផ្ទាល់ចំនួន ៤៥នាក់ ដែលបានតេស្ដវិជ្ជមានជាមួយជំងឺរាតត្បាត COVID-19 នេះ។

    ឥឡូវនេះក្រុមអ្នកច្បាប់បានលើកឡើងពីការព្រួយបារម្ភ អំពីការរីករាលដាលនៅជិតមណ្ឌលឃុំឃាំងចំនួន ៧០ នៅទូទាំងប្រទេស ខណៈដែលមានជនអន្តោប្រវេសន៍ជាង ៣,០០០នាក់ នៅក្នុងមន្ទីរឃុំឃាំងរបស់ ICE បានតេស្តវិជ្ជមានជាមួយ COVID-19 ទោះបីជាអ្នកខ្លះបានជាសះស្បើយ ឬត្រូវបានដោះលែងក៏ដោយ ហើយក្នុងនោះក៏មានអ្នកស្លាប់២នាក់ផងដែរ។ ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកសន្តិសុខមាតុភូមិលោក Kathleen Rice អ្នកប្រជាធិបតេយ្យមកពីញូវយ៉កបាននិយាយថា បញ្ហាផ្សេងៗដែលកំពុងចោទមានឡើងគឺការពន្យារពេលតេស្ដ វេជ្ជសាស្រ្តមិនគ្រប់គ្រាន់ ក៏ដូចជាកង្វះឧបករណ៍ការពារជាដើម។

    ក្នុងនោះផងដែរក្រុមហ៊ុន CoreCivic បាននិយាយថា បុគ្គលិកខ្លួន ៥៥៤នាក់ ក្នុងចំណោម ១៤,០០០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយ COVID-19។ ក្រុមហ៊ុន GEO Group បាននិយាយថា បុគ្គលិកខ្លួនចំនួន ១៦៧នាក់ ក្នុងចំណោមបុគ្គលិក ៣,៧០០នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺ។ ក្រុមហ៊ុន LaSalle Corrections បាននិយាយថា បុគ្គលិកចំនួន ១៤៤នាក់ ក្នុងចំណោមបុគ្គលិក ៣,០០០នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺ ហើយចុងក្រោយគឺ MTC ដែលបាននិយាយថា បុគ្គលិក ៧៣នាក់ ក្នុងចំណោមបុគ្គលិក ១,២០០នាក់ របស់ពួកគេបានតេស្ដវិជ្ជមាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: