អន្តរជាតិ

ក្មេងប្រុសម្នាក់ញៀនលេងហ្គេមអត់ដេកអត់ពួន មួយថ្ងៃលេង២២ម៉ោងរយៈពេល១ខែ រហូតដល់ដួលសន្លប់ និងស្ពឹកដៃមួយចំហៀងកំរើកលែងបាន

BY
autoadmin
July 14, 2020

ចិន៖ ក្មេងប្រុសម្នាក់បានសន្លប់ និងស្ពឹកដៃឆ្វេងមួយចំហៀងកំរើកលែងបាន បន្ទាប់ពីរូបគាត់បានចំណាយពេលលេងហ្គេមប្រមាណជា ២២ ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃក្នុងរយៈពេល ១ ខែ។ ​បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានរាយការណ៍ការថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Nanning ភាគខាងត្បូងនៃប្រទេសចិន ខណៈក្មេងប្រុសរងគ្រោះមានអាយុ១៥ ឆ្នាំ និងមានឈ្មោះថា Xiaobin។

ប្រពភពខាងលើបានបន្តថា​ បន្ទាប់ពីសាលារៀនត្រូវបានបិទហើយពលរដ្ឋមិនហ៊ានចេញក្រៅផ្ទះផ្តេសផ្ដាសព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ នោះ ក្មេងប្រុសរងគ្រោះបានបង្កើតទម្លាប់មួយគឺលេងហ្គេមនៅក្នុងបន្ទប់គេងរបស់គេជាប្រចាំ។

ទម្លាប់នៃការលេងហ្គេមបានធ្វើឲ្យក្មេងប្រុសរងគ្រោះញៀននឹងការលេងហ្គេមខ្លាំងឡើងៗរហូតក្នុងរយៈពេលមួយខែចុងក្រោយនេះ រូបគាត់បានចំណាយពេលជាមធ្យម ២២ ម៉ោងដើម្បីលេងហ្គេមរាល់ថ្ងៃ ហើយនៅក្នុងថ្ងៃកើតហេតុនោះរូបគាត់បានដួលសន្លប់និងត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់តែម្តង។ បន្ទាប់ពីធ្វើការពិនិត្យយ៉ាងល្អិតល្អន់ចំពោះកុមាររងគ្រោះវេជ្ជបណ្ឌិតជំនាញបានរកឃើញថា គាត់មានបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល និងដាច់សរសៃឈាមមួយចំនួនទៀតនៅក្នុងដៃខាងឆ្វេងរបស់គាត់ ព្រោះតែគាត់ប្រឹងលេងហ្គេមខ្លាំងពេកគ្មានពេលសម្រាករហូតធ្វើឲ្យមានការកាត់ផ្ដាច់អុកស៊ីសែននិងចរន្តឈាមនៅក្នុងសរសៃឈាមទាំងនោះ។

វេជ្ជបណ្ឌិតបានបញ្ជាក់ថា គិតមកទល់ពេលនេះគេអាចជួយសង្គ្រោះជីវិតក្មេងប្រុសរងគ្រោះបានតែគេមិនប្រាកដថាគេអាចព្យាបាលដៃឆ្វេងរបស់គាត់ឲ្យជាដូចធម្មតាបាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz

Share This Post: