អន្តរជាតិ

សារព័ត៌មានចាកាតាប៉ុស្តិ៍របស់ឥណ្ឌូនេស៊ី ចុះផ្សាយថាក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ី គ្រោងផលិតខ្សែក ការពារមេរោគកូវីដ១៩ ផ្សំឡើងពីឱសថធម្មជាតិ​ ៧០០ ប្រភេទផ្សេងគ្នា

BY
autoadmin
July 14, 2020

ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Thejakartapost បានរាយការណ៍ថា ក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផលិតខ្សែកការពារមេរោគកូវីដ ១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩។ បើតាមលោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ីបានបញ្ជាក់ថា ខ្សែកសម្រាប់ការពារមេរោគកូវីដ ១៩ ត្រូវបានផ្សំឡើងដោយមានលាយបញ្ចូលគ្នារវាងប្រេងដែលជាឱសថធម្មជាតិចំនួន​ ៧០០ ប្រភេទផ្សេងគ្នា ដោយប្រេងទាំងអស់នោះសុទ្ធតែមានប្រសិទ្ធភាពខ្ពស់ក្នុងសម្រាប់ការពារការចម្លងមេរោគ។

លោក Syahrul Yasin Limpo  បានបន្តថា កន្លងក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវឱសថធម្មជាតិបានរកឃើញថា ប្រសិនបើយើងពាក់ខ្សែកពិសេសនេះរយៈពេល ១៥ នាទីនៅក្នុងចំណោមហ្វូងមនុស្សនោះខ្សែកនឹងជួយការពារការចម្លងមេរោគផ្សេងបាន ៤២ %​ និងការពារបានរហូតដល់ ៨០% ប្រសិនបើពាក់វារយៈពេល ៣០ នាទី។

ប្រភពខាងបានបញ្ជាក់ថា បើគ្មានអ្វីជាឧបសគ្គទេនៅខែក្រោយនេះខ្សែកការពារមេរោគកូវីដ ១៩ អាចនឹងត្រូវបានគេផលិតជាបណ្ដើរៗហើយ។ យ៉ាងណាក្តី ក្រសួងកសិកម្មឥណ្ឌូនេស៊ីមិនបានបញ្ជាក់ច្បាស់ទេថា ខ្សែកនេះមានតម្លៃប៉ុន្មានហើយត្រូវដាក់លក់ជាធារណៈឬអត់ ឬទុកគ្រាន់តែសម្រាប់ថ្នាក់ដឹកនាំពាក់ពេលចុះទៅជួបប្រជាពលរដ្ឋនិងអ្នកជំងឺ ព្រោះបើយោងតាមវត្ថុធាតុដើមសម្រាប់ផលិតខ្សែកនេះក៏វាមានតម្លៃខ្ពស់ដែរ។​ ជាងនេះទៅទៀតគេនៅមិនទាន់ដឹងច្បាស់ថា ខ្សែកមួយនេះអាចពាក់បានប៉ុន្មានដង និងមានប្រសិទ្ធភាពការពារមេរោគកូវីដ ១៩ បានកម្រិតខ្ពស់ប៉ុណ្ណានោះទេ ព្រោះកន្លងមកគេដឹងត្រឹមថាវត្ថុធាតុនៅក្នុងខ្សែកពិតជាអាចការពារមេរោគទូទៅបានមែន ខណៈមេរោគកូវីដ​ ១៩ ជាមេរោគដ៏ខ្លាំងមួយដែលអាចយកឈ្នះលើប្រព័ន្ធការពារការចម្លងជាច្រើនប្រភេទបាន៕

 លោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី

អត្ថបទ៖ ភក្តី

ប្រភព៖ Thejakartapost

Share This Post: