មនុស្សជាង ១,០០០នាក់នៅឯសាលាយោធាឥណ្ឌូនេស៊ីត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩
ឥណ្ឌូនេស៊ី៖ បើយោងតាមសារព័ត៌មាន channelnewsasia បានរាយការណ៍ថា មានមនុស្សចំនួន ១២៨០ នាក់នៅឯសាលាយោធាឥណ្ឌូនេស៊ីត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែលករណីចម្លងនេះគឺជារាតត្បាតយ៉ាងឆាប់រហ័សបំផុតក្នុងចំណោមពលរដ្ឋឥណ្ឌូនេស៊ីរាប់ចាប់តាំងពីមានករណីចម្លងជំងឺកូវីដ ១៩ មក។ បើតាមនាយឧត្តមសេនីយ៍ Andika Perkasa ដែលជាអគ្គបញ្ជាការកងទ័ពឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំងនោះមាន ៩៩១ ករណីបានកើតឡើងចំពោះក្រុមសិស្សនាយទាហ៊ាន ហើយក្រៅពីនេះគឺបានកើតឡើងចំពោះបុគ្គលិក គ្រូបណ្ដុះបណ្តាលក្នុងសាលាយោធា និងក្រុមគ្រួសាររបស់ក្រុមសិស្សនាយទាហ៊ានដែលបានមកលេងពួកគេ។

បន្ទាប់ពីផ្ទុះករណីរាតត្បាតទ្រង់ទ្រាយធំមួយនេះ មានអ្នកជំងឺចំនួន ៣០ នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាប់ព្រោះតែពួកគាត់មានសភាពធ្ងន់ធ្ងរ ហើយក្រៅនោះត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីសម្រេចយកទៅដាក់ដោយឡែកនៅក្នុងខេត្តចាវ៉ាដើម្បីឲ្យក្រុមគ្រូពេទ្យទៅព្យាបាលពួកគេនៅទីនោះ។ សូមបញ្ជាក់ថា នេះវាករណីចម្លងទ្រង់ទ្រាយធំមួយនៅឥណ្ឌូនេស៊ី ខណៈគិតត្រឹមពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៧៦,៩៨១ ករណី និងស្លាប់ចំនួន ៣,៦៥៦ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia