អន្តរជាតិ

តោះ! មកស្គាល់អ្នកស្រី Raeesah Khan ដែលសមាជិកសភាជាស្ត្រីវ័យក្មេងបំផុតរបស់សាំងហ្គាពួរ មានអាយុទើបតែ២៦ឆ្នាំ

BY
autoadmin
July 14, 2020

សាំងហ្គាពួរ៖ អ្នកស្រី Raeesah Khan ថ្មីៗនេះទើបតែបានស្បថឡើងកាន់តំណែងជាសមាជិកសភា បន្ទាប់ពីគណបក្សពលកររបស់គាត់បានឈ្នះឆ្នោតក្នុងតំបន់ Sengkang ។ អ្នកស្រីត្រូវបានគេស្គាល់ថា ជាសមាជិកស្រ្តីវ័យក្មេងដំបូងបង្អស់ដែលបានជាប់ក្នុងសភាសាំងហ្គាពួរ ដោយមានអាយុត្រឹមតែ ២៦ឆ្នាំ ខណៈសមាជិកសភាស្ត្រីវ័យក្មេងជាងគេពីមុនគឺអ្នកស្រី Tin Pei Ling ដែលកាលនោះគាត់មានអាយុ ២៧ឆ្នាំ ហើយបានជាប់ឆ្នោតនៅសម័យបោះឆ្នោតឆ្នាំ២០១១។ ចំណែកសមាជិកសភាក្នុងសម័យទំនើបក្មេងជាងគេម្នាក់ទៀតគឺលោក Tan Soo Khoon ជាអតីតអ្នកនាំពាក្យសភា និងបានជាប់ជាសមាជិកនៅឆ្នាំ១៩៧៦ ក្នុងវ័យ២៧ឆ្នាំដូចគ្នា។

ប៉ុន្តែបើនិយាយពីសមាជិកសភាដែលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រសាំងហ្គាពួរគឺលោក Lim Chin Siong ដែលបានជាប់ជាតំណាងរាស្ត្រក្នុងវ័យ ២២ឆ្នាំ កាលពីឆ្នាំ១៩៥៥ នៅពេលដែលសាំងហ្គាពួរនៅមិនទាន់មានឯករាជ្យភាពនៅឡើយ។

អ្នកស្រី Raeesah Khan គឺជាម្ដាយដែលមានកូនប្រុសតូចម្នាក់ ហើយគាត់ចាប់ផ្ដើមធ្វើជាសកម្មជនតាំងតែពីអាយុ ១៧ ឆ្នាំមកម៉្លេះ។ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២០ អ្នកស្រី Raeesah ត្រូវបានគេមើលឃើញថា ជាកម្លាំងដ៏សំខាន់មួយដែលអាចចាប់យកសន្លឹកឆ្នោត និងក្តីស្រមៃរបស់យុវជន ទោះបីជាមានរបាយការណ៍មានអ្នកប្តឹងរូបគាត់ក៏ដោយ។ មុនពេលដែលអ្នកស្រីចូលប្រឡូកក្នុងឆាកនយោបាយ គាត់បានបង្កើតចលនា Reyna Movement ដែលជាអង្គការមួយធ្វើប្រតិបត្តិការនៅសាំងហ្គាពួរ និងរដ្ឋ Johor នៅម៉ាឡេស៊ី ដែលមានគោលបំណងផ្តល់អំណាចដល់ស្ត្រី និងកុមារ ដែលបាត់បង់ឱកាសតាមរយៈកម្មវិធី និងការចូលរួមរបស់សហគមន៍។

នៅសាំងហ្គាពួរផ្ទាល់ Raeesah Khan ធ្វើការតាមរយៈអង្គការរបស់នាងជាមួយការស្វែងរកជម្រកឱ្យស្ត្រី មនុស្សដែលគ្មានផ្ទះសម្បែង កុមារមានហានិភ័យ និងគ្រួសារដែលមានប្រាក់ចំណូលទាប។ ថ្វីបើអ្នកស្រី Raeesah Khan ជាប់ជាតំណាងរាស្ត្រស្ត្រីវ័យក្មេងបំផុត ប៉ុន្តែនៅឆ្នាំ២០២០នេះ សាំងហ្គាពួរក៏មានបេក្ខភាពតំណាងរាស្ត្រវ័យក្មេងម្នាក់ទៀត គឺលោក Choo Shaun Ming ដែលមានអាយុទើបតែ ២៣ឆ្នាំ មកពីបក្សវឌ្ឍនភាពសាំងហ្គាពួរ ហើយបក្សរបស់គាត់ក៏បានឈ្នះការបោះឆ្នោតនៅតំបន់ Chua Chu Kang ជាមួយនឹងសន្លឹកឆ្នោត ៥៨.៦% ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Mothership

Share This Post: