អន្តរជាតិ

អាជ្ញាធរទីក្រុងតូក្យូអំពាវនាវ​ឱ្យពលរដ្ឋខ្លួនជាង ៨០០នាក់ ដែលបានទៅមហោស្រពនៅ Shinjuku ត្រូវទៅតេស្ដរកជំងឺកូវីដ១៩ ក្រោយមានការផ្ទុះឡើងករណីរាប់សិបពីទីនោះ

BY
autoadmin
July 14, 2020

យោងតាមការចុះផ្សាយជាបឋមរបស់ព័ត៌មានអង់គ្លេស BBC នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីសុខាភិបាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងអំពាវនាវដល់អ្នកដែលបានទៅទស្សនាមហោស្រពជាង ៨០០នាក់ ឱ្យទៅធ្វើតេស្តរកមើលជំងឺ COVID-19 បន្ទាប់ពីមហោស្រពនោះត្រូវបានរកឃើញថា ជាប្រភពនៃករណីរាប់សិបដែលត្រូវបានរកឃើញនាពេលថ្មីៗនេះ។ ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា មហោស្រពបានដំណើរការនៅចន្លោះថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា នៅឯរោងមហោស្រពមួយនៅ Shinjuku ។

ក្រុមហ៊ុន Rise Communication Co. ដែលជាអ្នករៀបចំមហោស្រពនេះបាននិយាយថា មានតារាសម្តែង១៦នាក់ បុគ្គលិក៥នាក់ និងទស្សនិកជន៩នាក់បានឆ្លងជំងឺនេះ។ ដូច្នេះហើយអាជ្ញាទីក្រុងកំពុងអំពាវនាវដល់អ្នកដែលបានទៅទស្សនាទាំង ៨០០នាក់ ឱ្យទៅពិនិត្យសុខភាពរបស់ពួកគេ។ ចំណែកខាងមហោស្រពនិយាយថា ពួកគេបានអនុវត្តការរក្សាគម្លាត និងមានការវាស់កម្ដៅត្រឹមត្រូវ ក៏ដូចជាតម្រូវឱ្យមានការពាក់ម៉ាស់ផងដែរ ប៉ុន្តែមិនដឹងថាឆ្លងដោយរបៀបណានោះទេ។ ឥឡូវនេះមន្ត្រីកំពុងស៊ើបអង្កេតថា តើមហោស្រពនេះពិតជាត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំដែរ ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖​ BBC

Share This Post: