ក្រុមហ៊ុនអាមេរិកបានឲ្យដឹងថា ការធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ ១៩ លើរាងកាយមនុស្សដំណាក់កាលចុងក្រោយនឹងត្រូវធ្វើឡើងនៅក្នុងចុងខែកក្កដានេះហើយ
អាមេរិក៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិកដ៏ធំគឺក្រុមហ៊ុន Moderna បានប្រកាសនូវដំណឹងល្អមួយថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 លើរាងកាយមនុស្សដំណាក់កាលទី៣ ឬហៅថាជាដំណាក់កាលចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅចុងខែកក្កដានេះហើយ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីគេទទួលបានលទ្ធផលវិជ្ជមានចំពោះការធ្វើតេស្តវ៉ាក់សាំងនៅក្នុងដំណាក់កាលទី១ ខណៈឥឡូវកំពុងធ្វើតេស្តដំណាក់កាលទី២។ បើតាមការចុះផ្សាយបញ្ជាក់តាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងដំណាក់កាលចុងក្រោយនេះគេនឹងធ្វើតេស្តវ៉ាក់សាំងក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ៣០ ០០០ នាក់ ដោយពាក់កណ្ដាលនឹងត្រូវប្រើថ្នាំកម្រិត ១០០ មីក្រូក្រាម និងពាក់កណ្ដាលទៀតត្រូវប្រើថ្នាំតាមស្ថានភាពជំងឺ ដែលក្នុងភាសាវេជ្ជសាស្ត្រហៅថា «placebo» ។

វាត្រូវបានបង្កើតឡើងដើម្បីបង្ហាញថា តើវ៉ាក់សាំងនេះមានសុវត្ថិភាពនិងអាចការពារការឆ្លងជំងឺ COVID-19 ឬក៏អត់ ហើយប្រសិនបើមនុស្សនៅតែឆ្លងមេរោគ ថាតើវាអាចការពារការឆ្លងមិនឱ្យទៅជាការឆ្លងធ្ងន់ធ្ងរដែរ ឬទេ។ ដូច្នេះប្រសិនបើពួកគេនៅតែមានរោគសញ្ញា វ៉ាក់សាំងនេះនៅតែអាចហៅបានថាជាជោគជ័យមួយ ប្រសិនវាមិនធ្វើឱ្យជំងឺវិវឌ្ឍនទៅរកស្ថានភាពធ្ងន់ធ្ងរ។ ការសិក្សានេះនឹងត្រូវធ្វើរហូតដល់ខែតុលា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់ clinicaltrials.gov ។
តំណាងរបស់ក្រុមហ៊ុន Moderna បានបញ្ជាក់ថា បើគ្មានអ្វីជាឧបសគ្គទេនោះ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 លើរាងកាយមនុស្សដំណាក់កាលចុងក្រោយនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី២៧ ខែកក្កដានេះ ហើយបើការធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាននោះ វ៉ាក់សាំងផ្លូវការនឹងត្រូវបានបង្កើតឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ផ្ទុយទៅវិញគេទទួលបានលទ្ធផលអវិជ្ជមាននោះ គេនឹងបន្តការសិក្សាជាក្នុងរយៈពេលដ៏យូរបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះនៅលើពិភពលោកទាំងមូលមានអ្នកជំងឺ COVID-19 សរុបចំនួនជាង ១៣ លានករណី និងស្លាប់ជិត ៦០ ម៉ឺនករណី៕


អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost