ពិធីមង្គលការមួយត្រូវរៀបចំនៅពីមុខសាកសពឪពុក ព្រោះកូនចង់ឲ្យព្រលឹងឪពុកបានដឹងលឺ និងធ្វើជាសាក្សីក្នុងថ្ងៃដ៏ពិសេសនេះ
ឥណ្ឌូនេស៊ី៖ ពិធីមង្គលការដ៏កម្រមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅពីមុខសាកសពរបស់ឪពុកកូនកំលោះ ព្រោះកូនកំលោះនិងកូនក្រមុំចង់ឲ្យព្រលឹងឪពុកបានដឹងលឺ និងធ្វើជាសាក្សីក្នុងថ្ងៃដ៏មានន័យបំផុតក្នុងជីវិតរបស់ពួកគេ។ បើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងក្រុង Kota Samarinda ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ហើយពិធីរៀបការត្រូវបានរៀបចំឡើងតាមបែបសាសនាឥស្លាម។

លោក Romadhony Putra Pratama ដែលជាកូនកំលោះបានប្រាប់អ្នកសារព័ត៌មានថា តាមការពិតទៅរូបគាត់គ្រោងរៀបចំពិធីមង្គលការយ៉ាងអធិកអាធមមួយតាំងពីមុនកើតមានការរាតត្បាតនៃជំងឺកូវីដ ១៩ ម្លេះ ហើយក្រោយមកដោយសារតែភាពភ័យខ្លាចនៃជំងឺដ៏កាចសាហាវមួយនេះ កម្មពិធីមង្គលការរបស់គាត់ត្រូវបានពន្យាពេលជាបន្តបន្ទាប់ដោយរង់ចាំឲ្យស្ថានភាពនៃជំងឺកូវីដ ១៩ បានធូរស្រាលបន្តិច។
កូនកំលោះរូបនេះបានបន្តថា ឪពុករបស់លោកគឺជាមនុស្សម្នាក់ដែលខ្នះខ្នែងចង់ឃើញរូបគាត់រៀបការបំផុត ហើយមុនពេលគាត់ស្លាប់គាត់តែងអន្ទះសារបន់ឲ្យតែវិបត្តិកូវីដ ១៩ រលាយបាត់ អាងនឹងគាត់រៀបចំពិធីមង្គលការភ្លាមតែម្តង។ យ៉ាងណាក្តី ឪពុករបស់គាត់ជាមនុស្សមានជំងឺបេះដូងប្រចាំកាយ ហើយជាអកុសលរូបគាត់ក៏បានស្លាប់ដោយជំងឺគាំងបេះដូងក្នុងអំឡុងពេកគាត់កំពុងលេងកីឡា ហើយការសម្លាប់នេះគឺលឿនបំផុតនិងគ្មានអ្នកណាម្នាក់អាចរំពឹងទុកមុនបានឡើយ។
ព្រោះហេតុផលនេះហើយ ទើបលោក Romadhony Putra Pratama សម្រេចរៀបចំពិធីមង្គលការភ្លាមៗតែម្តងក្រោយឪពុករបស់គាត់ស្លាប់បានតែ ៥ ម៉ោងប៉ុណ្ណោះ ហើយពិធីមង្គលការត្រូវរៀបចំនៅមុខសាកសពឪពុកគាត់តែម្តង ដើម្បីឲ្បព្រលឹងរបស់ឪពុកបានដឹងលឺ និងធ្វើជាសក្សីក្នុងកម្មពិធីមង្គលការនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz