ផឹកស្រវឹងហើយបើកបរនៅម៉ាឡេស៊ីអាចជាប់គុកដល់ ២០ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់…
ម៉ាឡេស៊ី៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាសង្គមដ៏រសើបមួយនោះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវច្បាប់យ៉ាងតឹងរឹងចំពោះក្រុមអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន និងបើកបរមិនប្រុងប្រយ័ត្នជាដើម។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ច្បាប់ថ្មីដែលម៉ាឡេស៊ីនឹងប្រើប្រាស់នោះនឹងត្រូវអនុវត្តតាមលក្ខខណ្ឌដូចជា សម្រាប់អ្នកប្រព្រឹត្តបទល្មើសលើកទី ១ គឺត្រូវប្រឈមនឹងការជាប់គុករយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួនចន្លោះពី ២០ ០០០ RM ( ៤ ៦៨៩ ដុល្លារអាមេរិក) ទៅ ១០០ ០០០ RM (២៣ ៤៤៥ ដុល្លារអាមេរិក)។

ក្នុងករណីដែលជាជនល្មើសទទួលទោសរួចហើយនិងបានប្រព្រឹត្តបទល្មើលជាថ្មីម្តងទៀតគឺ ពួកគេនឹងត្រូវជាប់គុករយៈពេល ២០ ឆ្នាំ និងពិន័យជាប្រាក់ ១៥០ ០០០ RM (៣៥ ១៦៧ ដុល្លារអាមេរិក) បន្ថែមទៀតផងដែរ។ ក្រៅតែធ្វើពីធ្វើការផាកពិន័យដូចខាងលើនេះ ប័ណ្ណបើកបររបស់ជនល្មើសក៏ត្រូវធ្វើការពន្យាពេលប្រើប្រាស់រហូតដល់ ២០ ឆ្នាំផងដែរ។ តាមរយៈច្បាប់ដ៏តឹងរឹងនេះម៉ាឡេស៊ីបានរំពឹងទុកយ៉ាងខ្ពស់ថា វានឹងបានជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹងឲ្យនៅកម្រិតទាបបំផុត៕

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz