សហរដ្ឋអាមេរិកនិយាយថា ក្រុម Hacker របស់រុស្ស៊ីទំនងជាបានចូលលួចទិន្នន័យស្រាវជ្រាវវ៉ាក់សាំងជំងឺកូវីដ១៩ ពីប្រទេសខ្លួន ក៏ដូចជាអង់គ្លេស និងកាណាដា
ក្រុមចារកម្មតាមអ៊ីនធឺណេតរបស់ប្រទេសរុស្ស៊ី ទំនងជាបានវាយប្រហារតាមអ៊ីនធឺណេតទៅលើ សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ដើម្បីប្រមូលទិន្នន័យស្រាវជ្រាវស្តីពីវ៉ាក់សាំងជំងឺ COVID-19 ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសទាំង៣ខាងលើ បានធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA និយាយថា ក្រុមចារកម្មតាមអ៊ីនធឺណេតដែលត្រូវបានគេស្គាល់ជាសាធារណៈថា APT29 បានផ្តោតសំខាន់លើអង្គការផ្សេងៗនៅក្នុងប្រទេសទាំង៣ ហើយគោលដៅរួមមាន៖ រដ្ឋាភិបាល ក្រុមអ្នកគិតគូរសុខភាព និងស្ថាប័នផ្សេងទៀត។ ទីភ្នាក់ងារនេះនិយាយថា វាទំនងជាក្រុមនេះមានបំណងលួចយកព័ត៌មាន និងកម្មសិទ្ធិបញ្ញាទាក់ទងនឹងការអភិវឌ្ឍ និងការធ្វើតេស្តវ៉ាក់សាំងការពារជំងឺ COVID-19 ហើយក្រុមនេះគឺស្ទើរតែជាផ្នែកមួយនៃសេវាកម្មស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។

សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនិយាយថា APT29 កំពុងប្រើ malware តាមទំលាប់ដែលគេស្គាល់ថា WellMess និង WellMail ដើម្បីកំណត់គោលដៅអង្គការមួយចំនួននៅទូទាំងពិភពលោក។ ភ្នាក់ងារ NSA កំពុងបង្ហាញព័ត៌មានស្តីពី malware ហើយកំពុងអំពាវនាវឱ្យប្រទេសដទៃទៀតបន្តប្រុងប្រយ័ត្ន។ ជាការឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យរបស់ប្រធានាធិបតី Vladimir Putin លោក Dmitry Peskov បាននិយាយថា៖ «យើងអាចនិយាយរឿងមួយគត់គឺថា រុស្ស៊ីមិនទាក់ទងជាមួយការប៉ុនប៉ងទាំងនេះទេ» ។ នាយកប្រតិបត្តិមូលនិធិវិនិយោគសហព័ន្ធរុស្ស៊ី (Russian Direct Investment Fund) លោក Kirill Dmitriev បាននិយាយថា ប្រទេសរបស់ខ្លួនកំពុងស្វែងរកការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ហើយអ្នកខ្លះដូចជាមានការព្រួយបារម្ភអំពីជោគជ័យរបស់រុស្ស៊ី ហើយកំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន [រុស្ស៊ី] ឱ្យចុះខ្សោយ។

អត្ថបទ៖ លីដា
ប្រភព៖ NHK