ថៃគ្រោងបើកទ្វារទទួលអ្នកដំណើរមកព្យាបាលជំងឺក្នុងប្រទេសខ្លួនវិញចុងខែនេះ តែត្រូវអនុវត្តតាមលក្ខខណ្ឌទាំងនេះទើបអាចចូលបាន
ថៃ៖ អាជ្ញាធរថៃបានធ្វើសេចក្តីជូនដំណឹងជាផ្លូវការមួយថា ថៃនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍បរទេសដែលមកទទួលសេវាវេជ្ជសាស្ត្រអាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនបាន តែត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់មួយចំនួន។ គួរបញ្ជាក់ថា សេចក្តីអនុញ្ញាតខាងលើនេះគឺជាកម្មវិធីពិសេសមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ ដែលបានដាក់ចេញស្របពេលដែលរដ្ឋាភិបាលថៃនៅបិទជើងហោះហើរសម្រាប់អ្នកដំណើរទូទៅនៅឡើយ។ បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា បើលឿនបំផុតនោះកម្មវិធីពិសេសនេះនឹងត្រូវចាប់អនុវត្តពីចុងខែនេះហើយ តែបើមានបញ្ហាប្រែប្រួលជាក់ស្តែងណាមួយកើតឡើង គេអាចពិចារណាធ្វើការពន្យាពេលទៅមុនបន្តិចទៀត។

លោក Taweesilp Visanuyothin
លោក Taweesilp Visanuyothin បានបញ្ជាក់ថា អ្នកដំណើរដែលចង់មកព្យាបាលជំងឺនៅក្នុងប្រទេសថៃត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា មានលិខិតណាត់ជួបជាមួយវេជ្ជបណ្ឌិតក្នុងប្រទេសថៃត្រឹមត្រូវ ទទួលបានអនុញ្ញាតពីស្ថានទូតថៃណាមួយក៏បានក្នុងចំណោមស្ថានទូតនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក មានលិខិតបញ្ជាក់ថាគ្មានជំងឺកូវីដ ១៩ ហើយក្នុងករណីសង្ស័យអ្នកដំណើរអាចតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាថ្មីម្តងទៀតផងដែរពេលទៅដល់ប្រទេសថៃ។ អាជ្ញាធរថៃបានបញ្ជាក់ផងដែរថា ក្នុងរយៈពេលនេះថៃមានសមត្ថភាពទាចទទួលព្យាបាលអ្នកជំងឺបរទេសបានក្នុងចំនួន ១ ០០០ នាក់ក្នុងមួយថ្ងៃ៕

អត្ថបទ៖ភក្តី
ប្រភព៖bangkokpost