ឥណ្ឌូនេស៊ីត្រូវបានគេព្យាករណ៍ថានឹងមានបញ្ហាភ្លើងឆេះព្រៃមួយបន្ថែមទៀតពីលើវិបត្តិកូវីដ ១៩ ដែលមិនទាន់អាចគ្រប់គ្រងបាន
ឥណ្ឌូនេស៊ី៖ ខណៈដែលរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងតែរវល់យ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩ នោះ ប្រទេសងាយរងគ្រោះដោយគ្រោះធម្មជាតិមួយនេះត្រូវបានគេរំពឹងទុកថា ត្រូវប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃមួយបន្ថែមទៀតនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការព្រមានពីលទ្ធភាពនៃការកើតមានបញ្ហាភ្លើងឆេះព្រៃនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញបរិស្ថានឥណ្ឌូនេស៊ី ហើយត្រូវបានជូនដំណឹងជាសាធារណៈតាមរយៈក្រសួងបរិស្ថាននិងព្រៃឈើឥណ្ឌូនេស៊ីផ្ទាល់តែម្តងកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ។

បើតាមលោក Siti Nurbaya Bakar ដែលជារដ្ឋមន្ត្រីក្រសួងខាងលើនេះបានឲ្យដឹងថា ជាធម្មតាឥណ្ឌូនេស៊ីត្រូវមានរដូវដ៏ក្តៅបំផុតប្រចាំឆ្នាំមួយនៅចន្លោះពីខែកក្កដា ដល់ខេត្តសីហា យ៉ាងណាក្តីសម្រាប់នៅក្នុងឆ្នាំ ២០២០នេះ ដោយសារតែមានការប្រែប្រួលអាកាសធាតុច្រើនពេលវេលាដែលសីតុណ្ណភាពនៅឥណ្ឌូនេស៊ីត្រូវឡើងក្តៅបំផុតនោះអាចផ្ដើមកើតមាននៅចន្លោះពីខែសីហា ដល់ខែកញ្ញាវិញម្តង។ ក្រៅតែបានព្យាករណ៍ពីការពន្យាពេលនៃរដូវក្តៅបំផុតនោះ ក្រុមអ្នកជំនាញឥណ្ឌូនេស៊ីបានផ្ដល់សញ្ញាព្រមានថា ព្រៃនៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ីក៏អាចនឹងត្រូវឆាបឆេះដោយខ្លួនឯងផងដែរ ក្នុងពេលដែលអាកាសធាតុឡើងក្តៅបំផុតនោះ។ ប្រសិនបើករណីនេះពិតជាបានកើតឡើងមែន រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីត្រូវមានសម្ពាធដ៏ធ្ងន់មួយបន្ថែមទៀត ពីលើវិបត្តិនៃជំងឺកូវីដ ១៩ ដែលកំពុងមានស្រាប់នៅទូទាំងផ្ទៃប្រទេស៕

អត្ថបទ៖ភក្តី
ប្រភព៖channelnewsasia