យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និង ៨នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកម្នាក់បានស្លាប់និង ៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវមួយខ្សែក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ការបាញ់ប្រហារបានកើតឡើងចំពេលថ្ងៃត្រង់នៃថ្ងៃអាទិត្យម្សិលមិញនេះនិងកើតឡើងនៅពេលដែលផ្លូវកំពុងមានមនុស្សដំណើរយ៉ាងច្រើនកុះករបំផុត។ ប្រភពខាងលើបន្តថា ភ្លាមៗក្រោយការបាញ់ប្រហារគេបានរកឃើញមានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងមានមនុស្សចំនួន ៨ នាក់ផ្សេងទៀតមានអាយុចន្លោះ ១៨ ឆ្នាំដល់ ៦២ ឆ្នាំបានរងរបួសនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ហើយក្នុងនោះមានមនុស្ស ២នាក់ត្រូវរងរបួសធ្ងន់ធ្ងរ។

បើតាមអាជ្ញាធរប្រចាំនៅក្នុងតំបន់កើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា ៣ នាក់ គឺជាបុរសទាំងអស់បានបើកការបាញ់ប្រហារចេញពីផ្លូវផ្សេងគ្នាសំដៅមកកាន់ពលរដ្ឋលើដងផ្លូវក្នុងគោលដៅតែមួយនិងស្របពេលគ្នា ហើយក្នុងនោះមានខ្មាន់កាំភ្លើង ២ នាក់បានប្រើប្រាស់កាំភ្លើងវែងនិងម្នាក់ទៀតបានប្រើប្រាស់កាំភ្លើងខ្លី។ គិតត្រឹមម៉ោងចុះផ្សាយនេះគេនៅមិនទាន់បានដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់ខ្មាន់កាំភ្លើងនៅឡើយទេ ហើយសូម្បីតែមូលហេតុពិតប្រាកដនៃការបាញ់ប្រហារក៏មិនទាន់ត្រូវបានគេដឹងដែរ។ យ៉ាងណាក្តី ប៉ូលិសអាមេរិកកំពុងបើកការស៊ើបអង្កេតជាពិសេសមួយដើម្បីតាមចាប់ក្រុមខ្មាន់កាំភ្លើងឲ្យទាល់តែបានក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ភក្តី
ប្រភព៖channelnewsasia