អ៉ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ ដែលជាអ្នកស៊ើបការណ៍សម្ងាត់របស់មេបញ្ជាការលោក Qassem Soleimani ទៅឱ្យអាមេរិកនិងអ៉ីស្រាអែល
អ៉ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ដែលអះអាងថា ខ្លួនបានធ្វើចារកម្មបម្រើឱ្យទាំងអាមេរិក និងអ៉ីស្រាអែល ហើយបានស៊ើបការណ៍សម្ងាត់មេបញ្ជាការកងបដិវត្តលោក Qassem Soleimani មុនពេលដែលលោកមេបញ្ជាការត្រូវបានយន្តហោះគ្មានមនុស្សបើករបស់អាមេរិកធ្វើឃាតដោយការទម្លាក់មីស៊ីល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRIB បានឱ្យដឹងថា បុរសនោះឈ្មោះថា Mahmoud Mousavi-Majd ជាអតីតអ្នកបកប្រែ ត្រូវបានគេប្រហារជីវិតនៅថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក Gholamhossein Esmaili អ្នកនាំពាក្យផ្នែកយុត្តិធម៌របស់អ៉ីរ៉ង់បានប្រាប់សន្និសីទសារព័ត៌មានកាលពីដើមខែនេះថា Mahmoud Mousavi-Majd បានធ្វើចារកម្មលើ «វិស័យសន្តិសុខផ្សេងៗ ជាពិសេសកងកម្លាំងប្រដាប់អាវុធនិងកងកម្លាំង Quds និង ទីកន្លែងនិងសកម្មភាព របស់លោកឧត្តមសេនីយ៍ Qasem Soleimani»។ អ្នកនាំពាក្យបាននិយាយថា៖«Mahmoud Mousavi-Majd ជាអ្នកស៊ើបការណ៍ម្នាក់ក្នុងចំណោមភ្នាក់ងារ CIA និង Mossad ត្រូវបានកាត់ទោសប្រហារជីវិត»។ នៅក្នុងខែមិថុនាតុលាការបាននិយាយថា គាត់មានទំនាក់ទំនងជាមួយ CIA និង Mossad ហើយបានចែករំលែកព័ត៌មានអំពីឆ្មាំបដិវត្តរបស់អ៉ីរ៉ង់។
ប៉ុន្តែយ៉ាងណារបាយការណ៍បាននិយាយថា ករណីឈានដល់ការកាត់ទោសប្រហារជិវិតលោក Mahmoud Mousavi-Majd មិនមែនដោយសារការស្លាប់របស់លោក Qassem Soleimani នោះទេ។ កាសែត The Times of Israel បាននិយាយថា ស្ថាប័នតុលាការអ៉ីរ៉ង់បានចាប់ខ្លួន Mahmoud Mousavi-Majd នៅឆ្នាំ២០១៨ មុនពេលដែលលោក Qassem Soleimani ត្រូវគេសម្លាប់ទៅទៀត គ្រាន់តែថាម្នាក់នេះស៊ើបការណ៍ពីលោកមេបញ្ជាការជាយូរមកហើយ។
គួររំលឹកដែរថាលោក Qassem Soleimani ដែលដឹកនាំក្រុមឆ្មាំបដិវត្តអ៉ីរ៉ង់ត្រូវបានសម្លាប់ ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅទីក្រុងបាកដាតប្រទេសអ៉ីរ៉ាក់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ គាត់ត្រូវបានមនុស្សជាច្រើនគោរពនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយការស្លាប់របស់គាត់បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ស្ទើរតែបង្កើតទៅជាសង្គ្រាមទៅហើយ៕




អត្ថបទ៖ លីដា
ប្រភព៖ Business Insider