ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាន់តែមានពន្លឺហើយ! លទ្ធផលការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩លើមនុស្សជំហានដំបូងរបស់សាកលវិទ្យាល័យ Oxford គឺមានសុវត្ថិភាព

    BY autoadmin July 21, 2020
    កាន់តែមានពន្លឺហើយ! លទ្ធផលការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩លើមនុស្សជំហានដំបូងរបស់សាកលវិទ្យាល័យ Oxford គឺមានសុវត្ថិភាព

    វិបត្តិសុខភាពពិភពលោកនាំឱ្យមានកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺ COVID-19 ហើយក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសហាក់ដូចជាកំពុងឈានមុខគេនៅក្នុងរឿងនេះ។ ឥឡូវនេះសាកលវិទ្យាល័យ Oxford បាននិយាយថា វ៉ាក់សាំងពិសោធន៍មួយដែលខ្លួនកំពុងអភិវឌ្ឍមើលទៅដូចជាមានប្រសិទ្ធិភាព។ អ្នកវិទ្យាសាស្ត្របាននិយាយថា វ៉ាក់សាំងបានធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅក្នុងការសាកល្បងគ្លីនិករបស់មនុស្ស ហើយលទ្ធផលបឋមនៃការសាកល្បងដំណាក់កាលដំបូង ត្រូវបានចុះផ្សាយនៅថ្ងៃច័ន្ទក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស The Lancet ។

    ពួកគេបានរកឃើញថា កម្រិតអង្គបដិប្រាណនៅក្នុងអ្នកចូលរួមចំនួន ១២៧នាក់ បានឡើងដល់កំពូលបន្ទាប់ពីរយៈពេល ២៨ថ្ងៃ ហើយអង្គបដិប្រាណនៅតែកើនឡើងសូម្បីតែបន្ទាប់ពី ៥៦ថ្ងៃ។ នៅក្នុងការសាកល្បងនេះសាកលវិទ្យាល័យកំពុងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនឱសថ AstraZeneca និងក្រុមហ៊ុនដទៃទៀតផងដែរ។

    អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថាអង្គបដិប្រាណជាង ៩០% នៃអ្នកចូលរួម ៣៥នាក់ អាចទប់ទល់នឹងមេរោគនៅពេលប្រើវ៉ាក់សាំងតែមួយដូស(dose)។ ប៉ុន្តែប្រហែលជា ៧០% នៃអ្នកចូលរួមបានរាយការណ៍ថា មានការឈឺក្បាល និងអស់កម្លាំង។ អ្នកស្រាវជ្រាវបានណែនាំថា វ៉ាក់សាំងនេះមិនមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកចូលរួមទេ ហើយលទ្ធផលគឺទទួលបានជោគជ័យ។ ពួកគេរៀបចំផែនការព្យាបាលបន្ថែមដើម្បីបញ្ជាក់ថា វាមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់លើមនុស្សទូទៅ។ នាយកប្រតិបត្តិកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Michael Ryan បានមានប្រសាសន៍ថា៖«យើងសូមស្វាគមន៍ចំពោះការសិក្សា និងអបអរសាទរដល់សហការីរបស់យើង នៅវិទ្យាស្ថានទូទៅនៃសាកលវិទ្យាល័យ Oxford និងក្រុមវ៉ាក់សាំង Oxford»។ បន្ថែមលើការសរសើរលទ្ធផលនេះ លោក Michael Ryan ក៏បាននិយាយផងដែរថា វាមានបញ្ហាប្រឈមជាច្រើនគួរឱ្យកត់សម្គាល់សម្រាប់ការផលិតឱ្យបានគ្រប់គ្រាន់ និងធានាថាមនុស្សជាច្រើននៅជុំវិញពិភពលោកអាចទទួលបានវ៉ាក់សាំងគ្រប់គ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: