ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងបានបង្ហោះផ្កាយរណបទំនាក់ទំនងយោធា ជាលើកដំបូងរបស់ខ្លួនដោយជោគជ័យ ដោយមានជំនួយពីប្រតិបត្តិករឯកជន SpaceX

    BY autoadmin July 21, 2020
    កូរ៉េខាងត្បូងបានបង្ហោះផ្កាយរណបទំនាក់ទំនងយោធា ជាលើកដំបូងរបស់ខ្លួនដោយជោគជ័យ ដោយមានជំនួយពីប្រតិបត្តិករឯកជន SpaceX

    ក្រុងសេអ៊ូលនៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ផ្កាយរណបទំនាក់ទំនងយោធាលើកដំបូងមិនធ្លាប់មានរបស់កូរ៉េខាងត្បូងត្រូវបានបាញ់បង្ហោះឡើងដោយជោគជ័យ ដោយប្រតិបត្តិករឯកជន SpaceX ។ ផ្កាយរណប ANASIS-II មានគោលបំណងដើម្បីពង្រឹងសមត្ថភាពកូរ៉េខាងត្បូង ដើម្បីការពារខ្លួនពីកូរ៉េខាងជើងដែលបានលុកលុយកាលឆ្នាំ១៩៥០។ រដ្ឋបាលកម្មវិធីការពារជាតិរបស់ទីក្រុងសេអ៊ូល (DAPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រ៉ុកកែត Falcon 9 ផ្ទុកផ្កាយរណប ANASIS-II បានបង្ហោះចេញពីស្ថានីយទ័ពអាកាស Cape Canaveral ក្នុងរដ្ឋ Florida ។ ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ផ្កាយរណបបានដាក់ពង្រាយ ៣២នាទី បន្ទាប់ពីបានហោះឡើងនៅរសៀលថ្ងៃច័ន្ទ ម៉ោងនៅអាមេរិក។

    DAPA បាននិយាយថា ការបាញ់បង្ហោះនេះបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសទី១០ នៅលើពិភពលោក ដែលជាម្ចាស់ផ្កាយរណបទំនាក់ទំនងយោធាតែមួយគត់ ដែលនឹងផ្តល់នូវ «ទំនាក់ទំនងយោធាអចិន្រ្តៃយ៍ និងមានសុវត្ថិភាព»។ ផ្កាយរណបនេះត្រូវបានគេរំពឹងថា នឹងឈានដល់គន្លងរបស់វាដែលមានចម្ងាយ ៣៦,០០០ គីឡូម៉ែត្រ ក្នុងរយៈពេលពីរសប្តាហ៍ ហើយយោធាកូរ៉េខាងត្បូងនឹងកាន់កាប់ប្រព័ន្ធនេះនៅខែតុលា បន្ទាប់ពីធ្វើការសាកល្បង។ ក្រុងសេអ៊ូលកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនខណៈជំរុញដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ដែលប្រសិនបើសង្គ្រាមផ្ទុះឡើង មេបញ្ជាការអាមេរិកនឹងមានសិទ្ធិអំណាចលើកងកម្លាំងរួមរបស់ពួកគេ។

    មន្ត្រីម្នាក់នៅក្រសួងការពារជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា ផ្កាយរណបនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការឯករាជ្យរបស់យោធាកូរ៉េខាងត្បូង។ គួរឱ្យដឹងដែរថាទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តសន្តិសុខ ហើយអាមេរិកបានដាក់កងទ័ពប្រមាណ ២៨,៥០០ នាក់ នៅក្នុងប្រទេសនេះ។ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេមានភាពតានតឹងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការគិតខុសគ្នានៃវិធីសាស្រ្តរបស់ពួកគេចំពោះទីក្រុងព្យុងយ៉ាង និងការទទួលខុសត្រូវក្នុងការចែកការចំណាយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ france24

    Share This Post: