លោក Jair Bolsonaro កំពុងរង់ចាំលទ្ធផលជំងឺកូវីដ១៩ សារជាថ្មីម្ដងទៀត ហើយនិយាយថាបើព្រះផ្ដល់ឱ្យគាត់នូវលទ្ធផលអវិជ្ជមាន អ្វីៗនឹងវិលរកភាពធម្មតាវិញ
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា លោកបានធ្វើតេស្តជំងឺ COVID-19 មួយសារទៀត ហើយលទ្ធផលត្រូវបានគេរំពឹងថានឹងចេញនៅថ្ងៃពុធនេះ ខណៈលោកសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមាន បន្ទាប់ពីគាត់បានធ្លាក់ខ្លួនឈឺរយៈពេល២សប្ដាហ៍មកហើយ។ លោក Jair Bolsonaro បាននិយាយទៅកាន់អ្នកគាំទ្រពីចម្ងាយនៅមុខទីលំនៅរបស់ប្រធានាធិបតីថា៖«ឥឡូវនេះខ្ញុំបានធ្វើតេស្តរួចហើយ។ នៅថ្ងៃស្អែកលទ្ធផលនឹងចេញមក។ ប្រសិនបើព្រះចង់ឱ្យលទ្ធផលអវិជ្ជមានមកខ្ញុំនោះ អ្វីៗនឹងវិលមករកភាពធម្មតាវិញ»។ គួរឱ្យដឹងដែរថា ប្រេស៊ីលគឺជាប្រទេសទី២ក្នុងពិភពលោកនេះ ដែលមានករណីជំងឺ COVID-19 ច្រើនបំផុតបន្ទាប់ពីអាមេរិក។

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា លោក Jair Bolsonaro គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជិត ២.២ លាននាក់ នៅក្នុងប្រទេសប្រេស៊ីល ដែលបានវិជ្ជមានជាមួយជំងឺ COVID-19 ខណៈប្រទេសទាំងមូលមានមនុស្សជាង ៨១,០០០ នាក់ បានស្លាប់ផងដែរ។ លោក Jair Bolsonaro បានធ្វើតេស្តរកជំងឺ COVID-19 ចំនួន ៤លើក ទម្រាំរកឃើញថាវិជ្ជមាន នៅថ្ងៃទី០៧ ខែកក្កដា ប៉ុន្តែនៅថ្ងៃបន្ទាប់គាត់បាននិយាយថា គាត់មានអារម្មណ៍ល្អធម្មតាទេ។ កាលពីអាទិត្យមុនគាត់ក៏បានតេស្ដម្ដងទៀតដែរ ប៉ុន្តែលទ្ធផលនៅតែវិជ្ជមាន។
លោក Jair Bolsonaro បាននិយាយថា គាត់បានប្រើថ្នាំប្រឆាំងគ្រុនចាញ់ hydroxycloroquine ប៉ុន្តែគាត់ក៏មិនណែនាំឱ្យអ្នកផ្សេងប្រើវាដែរ។ គាត់បាននិយាយថា គាត់នឹងធ្វើដំណើរទៅភាគឦសាននៃរដ្ឋ Piaui នៅថ្ងៃសុក្រដើម្បីបញ្ជាក់ថាគាត់មិនអីទេ។ ជាមួយនឹងចំនួនអ្នកឆ្លងរាតត្បាតកើនឡើងយ៉ាងឆាប់រហ័ស ប្រទេសប្រេស៊ីលក៏ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការធ្វើតេស្តវ៉ាក់សាំងដែលមានសក្តានុពលសម្រាប់ជំងឺនេះផងដែរ។ កាលពីថ្ងៃអង្គារការសាកល្បងវ៉ាក់សាំងទី២លើមនុស្សបានចាប់ផ្តើម ហើយរដ្ឋាភិបាលបានយល់ព្រមលើការសាកល្បងទី៣ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia