BREAKING NEWS! រញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរអាឡាស្កា របស់សហរដ្ឋអាមេរិក ហើយក៏មានការព្រមានពីរលកយក្សស៊ូណាមិដែរ
ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរអាឡាស្កានៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅអាមេរិក)។ រញ្ជួយដីមានចម្ងាយ ៦០ម៉ាយ ឬ ៩៨គីឡូម៉ែត្រ ភាគខាងត្បូងឈៀងអាគ្នេយ៍នៃតំបន់ Perryville រដ្ឋអាឡាស្កា។ ការរញ្ជួយដីនេះត្រូវបានគេចាត់ទុកថា មានជម្រៅរាក់នៅចម្ងាយប្រហែល ៦ម៉ាយ ឬ ១០គីឡូម៉ែត្រ ចុះក្រោម។ អ្នកឧតុនិយមរបស់ CNN អ្នកស្រី Allison Chinchar បាននិយាយថា៖«នៅក្រោមជម្រៅ ៧០ គីឡូម៉ែត្រ ត្រូវបានគេចាត់ទុកថាជារញ្ជួយរាក់។ វាសំខាន់ណាស់ព្រោះការរញ្ជួយដីរាក់ ជារឿយៗបង្កការខូចខាតច្រើនជាងគេ បើប្រៀបធៀបនឹងរញ្ជួយដែលជ្រៅជាងនេះដោយមិនគិតពីកម្លាំង»។

ការព្រមានពីរលកយក្សស៊ូណាមិត្រូវបានចេញផ្សាយភា្លមបន្ទាប់ពីមានការរញ្ជួយដីនេះ បើយោងតាមរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ។ ការរញ្ជួយដីជាទូទៅទំនងជានឹងវិវត្តទៅជារលកយក្សស៊ូណាមិ ប្រសិនបើវាមានកម្រិតរ៉ិចទ័រខ្ពស់ ហើយចេញពីជម្រៅរាក់ និងជាប្រភេទរញ្ជួយបែបកន្ទ្រាក់ មិនមែនដូចជាការរញ្ជួយធម្មតាទេ។ ការរញ្ជួយដីរវាងទំហំ ៧.៦ ដល់ ៧.៨ មានសក្តានុពលក្នុងការឈានទៅរករលកយក្សស៊ូណាមិ។ យ៉ាងណាក៏ដោយវានៅមិនទាន់មានការរាយការណ៍អំពីទំហំខូចខាតនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN