ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអាហ្វហ្គានីស្ថានឃាត់ខ្លួនជនសង្ស័យម្នាក់​ ដែលទាក់ទងនឹងការបាញ់សម្លាប់វេជ្ជបណ្ឌិតជប៉ុន Nakamura Tetsu កាលពីចុងឆ្នាំមុន

    BY autoadmin July 23, 2020
    អាជ្ញាធរអាហ្វហ្គានីស្ថានឃាត់ខ្លួនជនសង្ស័យម្នាក់​ ដែលទាក់ទងនឹងការបាញ់សម្លាប់វេជ្ជបណ្ឌិតជប៉ុន Nakamura Tetsu កាលពីចុងឆ្នាំមុន

    អាជ្ញាធរអាហ្វហ្គានីស្ថានបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការសម្លាប់វេជ្ជបណ្ឌិតជនជាតិជប៉ុន និងជាបុគ្គលិកសង្គ្រោះដ៏ល្បីល្បាញម្នាក់ គឺលោក Nakamura Tetsu ។ ជម្រាបដែរថាលោក Nakamura Tetsu បានចំណាយពេលជាច្រើនឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ និងជួយដល់គម្រោងទឹកស្អាត។ លោកត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ ខណៈពេលកំពុងធ្វើដំណើរតាមរថយន្តនៅក្រុង Jalalabad ភាគខាងកើតខេត្ត Nangarhar កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។ ប្រភពជាច្រើននៅឯភ្នាក់ងារស៊ើបការណ៍បានរាយការណ៍មកទូរទស្សន៍ NHK ថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ ហើយកំពុងសាកសួរចម្លើយបុរសនោះ។

    ជនសង្ស័យត្រូវបានចាប់ខ្លួនអំឡុងប្រតិបត្តិការបោសសម្អាតបណ្តាញភេរវកម្មមួយ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែរូបគេមិនបានទទួលស្គាល់ពីការជាប់ពាក់ព័ន្ធណាមួយក្នុងអំពើឃាតកម្មនេះទេ។ ប្រភពនិយាយថា ទីតាំងរបស់ជនសង្ស័យ ២នាក់ ផ្សេងទៀតកំពុងត្រូវបានស៊ើបអង្កេតផងដែរ។ គួរឱ្យដឹងដែរថា បន្ទាប់ពីឃាតកម្មរបស់វេជ្ជបណ្ឌិតលោក Nakamura Tetsu មានជនសង្ស័យ ៤នាក់ ត្រូវបានចាប់ខ្លួនមកសួរចម្លើយ ប៉ុន្តែត្រូវបានដោះលែងវិញនៅខែមិថុនាថ្មីៗនេះ ដោយសារមិនមានភស្តុតាង។ អ្នកនាំពាក្យខេត្ត Nangarhar បានប្រាប់ NHK ថាឃាតកម្មនេះអាចមានភាពស្មុគស្មាញក្នុងការដោះស្រាយ ហើយការដោះស្រាយនឹងត្រូវចំណាយពេលយូរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: