ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមកំពុងកំណត់គោលដៅផលិតវ៉ាក់សាំងសក្តានុពលប្រឆាំងកូវីដ១៩ សម្រាប់ការធ្វើតេស្ដលើមនុស្សនៅចុងឆ្នាំ២០២០នេះ

    BY autoadmin July 23, 2020
    វៀតណាមកំពុងកំណត់គោលដៅផលិតវ៉ាក់សាំងសក្តានុពលប្រឆាំងកូវីដ១៩ សម្រាប់ការធ្វើតេស្ដលើមនុស្សនៅចុងឆ្នាំ២០២០នេះ

    យោងតាមការចុះផ្សាយរបស់ VNexpress សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣​ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពិសោធន៍ក្នុងស្រុករបស់វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចគោលបំណងទទួលបានវ៉ាក់សាំង COVID-19 ត្រៀមសម្រាប់ការសាកល្បងគ្លីនិកលើមនុស្សនៅចុងឆ្នាំ២០២០នេះ។ អនុរដ្ឋមន្ត្រីសុខាភិបាលរបស់វៀតណាមលោក Nguyen Thanh Long បាននិយាយនៅក្នុងសិក្ខាសាលាមួយថា ការបង្កើតវ៉ាក់សាំងគឺជាអាទិភាពរបស់ប្រទេសទាំងអស់នៅលើពិភពលោកនេះ ហើយបើវ៉ាក់សាំងមិនត្រូវបានរកឃើញទេ យើងមិនអាចត្រឡប់ទៅរកជីវិតធម្មតាដូចដើមបានទេ។ វាគឺជាការប្រកួតប្រជែងដ៏ធំមួយសម្រាប់ពិភពលោក និងមនុស្សជាតិទាំងអស់។

    លោកអនុរដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា វ៉ាក់សាំងរបស់វៀតណាមកំពុងត្រូវបានផលិតដោយក្រុមហ៊ុនឱសថ VABIOTECH, មជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងជីវសាស្រ្ត (POLYVAC), វិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) និងក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Nanogen ។ ប្រទេសវៀតណាមក៏កំពុងធ្វើសេចក្តីព្រាងក្រឹត្យមួយ ដើម្បីពន្លឿនដំណើរការវាយតម្លៃ និងការផ្តល់សិទ្ធិលើវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 នេះផងដែរ ខណៈគ្រោងចង់ឱ្យវ៉ាក់សាំងរួចរាល់អាចប្រើប្រាស់បាននៅត្រឹមឆ្នាំ២០២១នេះ។ គួរឱ្យដឹងដែរថាវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤២ ដែលអាចផលិតវ៉ាក់សាំងផ្ទាល់ខ្លួនសម្រាប់កម្មវិធីចាក់វ៉ាក់សាំងបន្ថែមរបស់ពួកគេ ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣៨ ដែលមានទីភ្នាក់ងារគ្រប់គ្រងវ៉ាក់សាំងបំពេញតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: