ប្រទេសថៃ និងប្រទេសញូហ្សេលឡែន ត្រូវបាន WHO ជ្រើសរើសជាទីតាំងសម្រាប់ថតខ្សែភាពយន្តឯកសារស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
ថៃ៖ សារព័ត៌មាន bangkokpost បាយចុះផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចជ្រើសយកប្រទេសថៃនិងប្រទេសញូហ្សេលឡែន សម្រាប់ធ្វើជាទីតាំងថតខ្សែភាពយន្តឯកសារស្តីអំពីគំរូនៃភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ បើតាមលោកវេជ្ជបណ្ឌិត Ballang Uppapong នាយកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃវិទ្យាស្ថានសុខភាពជាតិបានឲ្យដឹងថា គិតមកទល់នឹងពេលនេះការផលិតភាពយន្តឯកសារនៅក្នុងប្រទេសថៃបានចាប់ផ្ដើមជាបណ្តើរៗហើយ ព្រោះផ្នែកខ្លះនៃខ្សែភាពយន្តត្រូវបានគេមកថតនៅក្នុងការិយាល័យរបស់លោកដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកករួចហើយ។

យ៉ាងណាក្តីលោកមិនបានបញ្ជាក់លម្អិតទេថា គេនឹងត្រូវការពេលយូរប៉ុណ្ណាទើបអាចបញ្ចប់ខ្សែភាពយន្តឯកសារមួយនេះហើយពេលវេលាច្បាស់លាស់នៃការបញ្ចេញខ្សែភាពយន្តផ្លូវការក៏មិនត្រូវបានជម្រាបជូនដែរ។
ការជ្រើសរើសយកប្រទេសថៃសម្រាប់ថតខ្សែភាពយន្តឯកសារដ៏មានសារៈសំខាន់នេះអាចចាត់ទុកបានថា គឺជាមោទkភាពមួយសម្រាប់ពលរដ្ឋថៃគ្រប់រូបនិងវិស័យសុខាភិបាលថៃទាំងមូលផងដែរ។ ទន្ទឹមគ្នានេះដែរលោកសាស្រា្តចារ្យ Thira Woratanarat ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកនបានសម្តែងនូវការព្រួយបារម្ភថា ថៃអាចប្រឈមនឹងរលកទី ២ នៃរាតត្បាតជំងឺកូវីដ ១៩ បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចបើកឲ្យមានភ្ញៀវទេសចរណ៍បរទេសចូលមកក្នុងប្រទេសខ្លួនឡើងវិញ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សុរបចំនួន ៣ ២៦១ ករណី និងស្លាប់ ៥៨ ករណី ខណៈតួលេខអ្នកឆ្លងទៅទូទាំងពិភពលោកបានកើនឡើងជាង ១៥ លានករណីហើយ៕


អត្ថបទ៖ភក្តី
ប្រភព៖bangkokpost