NBC News៖ ស្ថានកុងស៊ុលចិននៅក្រុងហ៊ូស្តុនដែលអាមេរិកបញ្ជាឱ្យបិទទ្វារ គឺជាកន្លែងធ្វើចារកម្មដ៏ក្តៅគគុក
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើននិយាយថា ស្ថានកុងស៊ុលចិននៅក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យបិទទ្វារគឺជាកន្លែងដ៏ក្តៅគគុកនៃការធ្វើចារកម្មកម្មសិទ្ធិបញ្ញាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ NBC News បានដកស្រង់សម្តីមន្ត្រីអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ ដោយបាននិយាយថា៖«ស្ថានកុងស៊ុលត្រូវបានប្រើប្រាស់ជាយូរមកហើយដោយរដ្ឋាភិបាលចិន ដើម្បីលួចការស្រាវជ្រាវវេជ្ជសាស្រ្តដ៏មានតម្លៃ ហើយវាជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងជ្រៀតចូលក្នុងឧស្សាហកម្មប្រេង និងឧស្ម័នធម្មជាតិ»។

ប្រភពបានបន្ថែមទៀតថា ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេជូនដំណឹងអំពីសកម្មភាពទាំងនេះ ចាប់តាំងពីគាត់ចូលកាន់តំណែងក្នុងឆ្នាំ២០១៧។ សេតវិមានបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជាឱ្យចិនបិទស្ថានកុងស៊ុល។ អ្នកនាំពាក្យក្រសួងការបរទេសលោក Morgan Ortagus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបិទនេះគឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ជនជាតិអាមេរិក។ ប្រសិនបើបេសកកម្មការទូតត្រូវបានបិទ ទំនាក់ទំនងទ្វេភាគីត្រូវបានគេរំពឹងថានឹងមានភាពតានតឹងបន្ថែមទៀត នៅពេលដែលរដ្ឋាភិបាលចិននៅតែត្រៀមខ្លួនដើម្បីសងសឹកជាមួយទង្វើរបស់អាមេរិក៕


អត្ថបទ៖ លីដា
ប្រភព៖ NHK