ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៉ីស្រាអែលកំពុងផលិតឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាមរយៈខ្យល់ដង្ហើម ដែលអាចដឹងលទ្ធផលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ

    BY autoadmin July 24, 2020
    អ៉ីស្រាអែលកំពុងផលិតឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាមរយៈខ្យល់ដង្ហើម ដែលអាចដឹងលទ្ធផលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ

    អ៉ីស្រាអែល៖ ខណៈដែលក្នុងពេលបច្ចុប្បន្ននេះគេត្រូវការពេលវេលាជាច្រើនម៉ោងឬអាចដល់មួយថ្ងៃផង ដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ នោះ សារព័ត៌មាន channelnewsasia បានរាយការណ៍ថា ​ក្រុមហ៊ុននៅក្នុងប្រទេសអ៉ីស្រាអែលកំពុងតែអភិវឌ្ឍន៍ឧបរកណ៍ធ្វើតេស្តថ្មីមួយ ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេលមិនដល់មួយនាទីផង។

    តំណាងក្រុមហ៊ុន NanoScent ដែលជាក្រុមហ៊ុនកំពុងផលិតឧបករណ៍ធ្វើតេស្តមេរោគថ្មីបានបញ្ជាក់ថា ឧបករណ៍ថ្មីនេះគឺជាប្រភេទឧបករណ៍ធ្វើតេស្តតាមរយៈខ្យល់ដង្ហើមរបស់ជនរងគ្រោះជំនួសដោយការពិនិត្យសំណាកជនរងគ្រោះ ហើយលទ្ធផលវិញនឹងត្រូវបង្ហាញជូនក្នុងរយៈពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។ យ៉ាងណាក្តី លោក  Oren Gavriely ដែលជាអគ្គនាយកក្រុមហ៊ុនខាងលើបានបញ្ជាក់ថា​ ឧបករណ៍ធ្វើតេស្តថ្មីអាចផ្ដល់ចម្លើយត្រឹមត្រូវបាន ៨៥%​ ប៉ុណ្ណោះបើគិតមកទល់នឹងពេលនេះ ហើយគេកំពុងដុតដៃដុតជើងអភវិឌ្ឍន៍ឧបករណ៍នេះឲ្យមានប្រសិទ្ធភាព ១០០% ក្នុងពេលដ៏ឆាប់ខាងមុខ សម្រាប់ប្រើជំនួសវិធីធ្វើតេស្តដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ។

    អគ្គនាយករូបនេះបានបន្តថា នៅពេលដែលគេអាចផលិតឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាមរយៈខ្យល់ដង្ហើមបានដោយជោគជ័យ វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចម្លងជំងឺក្នុងចំណោមប្រជាពលរដ្ឋទូទាំងពិភពលោក​ ព្រោះពេលគេអាចដឹងពីលទ្ធផលលឿនគេក៏អាចការពារការចម្លងបានលឿនដែរ។ អ្វីដែលជាចំណុចពិសេសមួយនោះគឺ ឧបករណ៍ធ្វើតេស្តថ្មីនេះមានតម្លៃទាបខ្លាំងណាស់ ពោលគឺគេត្រូវចំណាយលុយប្រមាណជា ១០ ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ការធ្វើតេស្តរកជំងឺម្តង បើធៀបនឹងពេលបច្ចុប្បន្ននេះគេត្រូវចំណាយលុយរាប់រយដុល្លារអាមេរិកឯណោះសម្រាប់ការធ្វើតេស្តម្តង។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអ៉ីស្រាអែលមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៥៧ ៩៨២ ករណី  ស្លាប់ ៤៤២ ករណី ខណៈពិភពលោកទាំងមូលមានចំនួនអ្នកជំងឺជាង ១៥​ លានករណី និងស្លាប់ ៦ ម៉ឺនករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: