ម៉ៃ ថៃសាន់ ប្រកាសឡើងសង្វៀនប្រដាល់ជាថ្មីម្ដងទៀត ក្រោយបាត់មុខរយៈពេល ១៥ឆ្នាំ
កីឡា July 24, 2020 lyda

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា អ្នកប្រដាល់ជើងចាស់ Mike Tyson (ម៉ៃ ថៃសាន់) អាយុ ៥៤ឆ្នាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា លោកនឹងឡើងសង្វៀនប្រដាល់វិញ សម្រាប់ការប្រកួតជាមួយអ្នកប្រដាល់ដ៏អស្ចារ្យម្នាក់ទៀតគឺលោក Roy Jones Jr. ។ អ្នកទាំង ២ គ្រោងនឹងធ្វើការជួបគ្នានៅក្នុងកម្មវិធីតាំងពិព័រណ៍ប្រដាល់សកល ដោយប្រកួតចំនួន ៨ទឹក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅសួនកីឡា Dignity Health នៅទីក្រុងខាសុន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

អតីតជើងឯកខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោករូបនេះ ត្រូវបានគេចាត់ទុកថាជាកំពូលអ្នកប្រដាល់ម្នាក់ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានគេចាត់ទុកថាជា បុរសដែលអស្ចារ្យជាងគេនៅលើពិភពលោក។ លោក Mike Tyson បានបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនក្នុងនាមជាអ្នកប្រដាល់អាជីពជាមួយនឹងកំណត់ត្រា 15-0 យកជ័យជម្នះគ្រប់ប្រកួតទាំងអស់។ លោក Mike Tyson ឬ «Iron Mike» មានអាយុតែ ២០ឆ្នាំ និង ៤ខែប៉ុណ្ណោះ នៅពេលដែលលោកបានក្លាយជាម្ចាស់ជើងឯកទម្ងន់ធ្ងន់ ដែលវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រប្រដាល់។

ក្នុងអាជីពទាំងមូលរបស់គាត់ Mike Tyson បានធ្វើការប្រកួតឈ្នះ ៥០ និងចាញ់ ៦ដង ដោយក្នុងនោះគាត់បានផ្ដួលដៃគូឱ្យសន្លប់ចំនួន ៤៤ ប្រកួត។ គាត់បានប្រកួតចុងក្រោយក្នុងឆ្នាំ២០០៥ នៅពេលដែលគាត់ចាញ់លោក Kevin McBride ។ លោក Mike Tyson មានបំណងត្រឡប់មកសង្វៀនវិញកាលពីដើមខែឧសភា នៅពេលគាត់បានបង្ហោះវីដេអូហ្វឹកហាត់ខ្លួនគាត់ ដែលមើលទៅគាត់នៅតែរឹងមាំដូចពេលនៅក្មេង។ លោក Mike Tyson នឹងឡើងប្រកួតជាមួយលោក Jones Jr. កីឡាករជើងចាស់ដូចគ្នា ដែលមានកំណត់ត្រាឈ្នះ ៦៦-៩ ។ លោក Jones Jr. បុរសវ័យ ៥១ឆ្នាំរូបនេះ ក៏បានឈ្នះការប្រកួតចុងក្រោយជាមួយ Scott Sigmon ក្នុងឆ្នាំ២០១៨ ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN