ប្រទេសចិនបញ្ជាឱ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលខ្លួននៅក្នុងទីក្រុងឆឹងទូ ដែលជាការឆ្លើយតបថ្មីចំពោះការសម្រេចចិត្តខុសរឿងរបស់អាមេរិក
ប្រទេសចិននៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះផ្ទាល់ បានបញ្ជាឱ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលខ្លួននៅក្នុងទីក្រុងឆឹងទូ (Chengdu) ឆ្លើយតបទៅសហរដ្ឋអាមេរិកដែលបានបញ្ជាឱ្យមានការបិទទ្វារស្ថានកុងស៊ុលរបស់ចិននៅក្រុងហ៊ូស្តុនកាលពីពេលថ្មីៗនេះ ខណៈដែលទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២ របស់ពិភពលោកមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន។ បទបញ្ជាឱ្យបិទស្ថានកុងស៊ុលនៅទីក្រុងឆឹងទូ ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន ត្រូវបានគេមើលឃើញថាជាការសងសឹកទៅវិញទៅមក ខណៈខាងប្រទេសចិនក៏មិនព្រមឱបដៃមើលទង្វើរបស់អាមេរិកដែរ។ ប្រទេសចិនបានព្រមានថាខ្លួននឹងសងសឹកទៅវិញ បន្ទាប់ពីអាមេរិកបានទុកពេលតែ ៧២ម៉ោង ដើម្បីឱ្យស្ថានកុងស៊ុលចិននៅក្រុងហ៊ូស្តុនបិទទ្វារ ហើយប្រទេសចិនក៏បានឱ្យអាមេរិកគិតសារឡើងវិញផងដែរ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកបានរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ បទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងអនុសញ្ញាកុងស៊ុលនៃប្រទេសចិន-សហរដ្ឋអាមេរិក។ វាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក កាន់តែល្អក់កករ»។ វាបន្ថែមថា៖ «ក្រសួងការបរទេសចិនបានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកចេញនូវការព្រមព្រៀងរបស់ខ្លួនសម្រាប់ការបង្កើតនិងប្រតិបត្តិការអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងឆឹងទូ»។ ប្រភពមិនបាននិយាយថា ពេលណាស្ថានកុងស៊ុលអាមេរិកត្រូវតែចាកចេញនោះទេ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ