កីឡា

កូរ៉េខាងត្បូងបានអនុញ្ញាតឲ្យប្រិយមិត្តអ្នកគាំទ្រកីឡាអាចទៅទស្សនាការប្រកួតដោយផ្ទាល់វិញហើយ តែត្រូវអនុវត្តលក្ខខណ្ឌពិសេសមួយ

BY
autoadmin
July 25, 2020

កូរ៉េខាងត្បូង៖ បន្ទាប់ពីការរាតត្បាតនៃជំងឺ COVID-19 បានធូរស្រាលបន្តិច រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុញ្ញាតឲ្យប្រិយមិត្តអ្នកគាំទ្រកីឡាមួយចំនួន អាចត្រលប់ទៅទស្សនាការប្រកួតកីឡាបានដោយផ្ទាល់វិញហើយ តែត្រូវអនុវត្តលក្ខខណ្ឌពិសេសមួយ។​ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បាន​ឱ្យដឹងថា កីឡាចំនួន ២ ប្រភេទ ដែលត្រៀមនឹងទទួលស្វាគមន៍អ្នកគាំទ្រឡើងវិញនោះមានដូចជា កីឡាបេស្បល ដែលនឹងចាប់ផ្ដើមបើកទ្វារទទួលប្រិយមិត្តនៅថ្ងៃអាទិត្យនេះ និងកីឡាកីឡាបាល់ទាត់លីកកំពូងកូរ៉េខាងត្បូង (K League) ដែលនឹងចាប់ផ្ដើមអនុញ្ញាតឲ្យអ្នកគាំទ្រអាចចូលទស្សនាការប្រកួតដោយផ្ទាល់ នៅថ្ងៃទី០១ ខែសីហា ខាងមុខនេះផងដែរ។

យ៉ាងណាក្តី បើយោងតាមលោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា បើទោះមានការអនុញ្ញាតឲ្យចូលមើលវិញមែន ប៉ុន្តែគ្រប់កីឡដ្ឋានទាំងអស់ត្រូវអនុវត្តវិធានការលក់សំបុត្រចូលទស្សនាតែ ១០% នៃចំនួនកៅអីសរុបក្នុងកីឡដ្ឋានប៉ុណ្ណោះ ដើម្បីឲ្យអ្នកចូលមើលអាចរក្សាគម្លាតពីគ្នា ទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ។ ក្រៅពីនេះវិធានការវាស់កម្តៅអ្នកគាំទ្រ លាងដៃជាមួយទឹកសម្លាប់មេរោគ និងសម្អាតមេរោគនៅកន្លែងអង្គុយ ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនផងដែរ។ គួររម្លឹកថានាងពេលកន្លងមកនេះ កូរ៉េខាងត្បូងបានសម្រេចផ្អាកកម្មវិធីកីឡាមួយចំនួនជាបណ្ដោះអាសន្ន ហើយកីឡាខ្លះវិញអាចបន្តលេងបានដោយគ្មានអ្នកចូលទស្សនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ខណៈគិតត្រឹមពេលនេះកូរ៉េខាងត្បូងមានអ្នកជំងឺ COVID-19 សរុបចំនួន ១៣ ៩៧៩ ករណី និងស្លាប់ចំនួន ២៩៨ ករណីផងដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖channelnewsasia

Share This Post: