ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះចម្បាំងអាមេរិកបានហោះប្រកិតជាមួយយន្តហោះស៊ីវិលអ៊ីរ៉ង់ នៅលើដែនអាកាសប្រទេសស៊ីរី បណ្ដាលឱ្យអ្នកដំណើរច្រើននាក់រងរបួស

    BY autoadmin July 24, 2020
    យន្តហោះចម្បាំងអាមេរិកបានហោះប្រកិតជាមួយយន្តហោះស៊ីវិលអ៊ីរ៉ង់ នៅលើដែនអាកាសប្រទេសស៊ីរី បណ្ដាលឱ្យអ្នកដំណើរច្រើននាក់រងរបួស

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា អ្នកដំណើរដែលជិះលើយន្តហោះរបស់ក្រុមហ៊ុន Mahan Air បានរងរបួសជាច្រើននាក់ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងស្រុក) បន្ទាប់ពីយន្តហោះចម្បាំងរបស់អាមេរិកបានហោះប្រកិតគ្នាជាមួយយន្តហោះស៊ីវិលមួយនេះ នៅលើដែនអាកាសរបស់ប្រទេសស៊ីរី។ ជើងហោះហើរដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air កំពុងធ្វើដំណើរពីទីក្រុងតេហេរ៉ង់ ទៅក្រុងបេរូតក្នុងប្រទេសលីបង់។ របាយការណ៍បាននិយាយថា អ្នកដំណើរបានរងរបួសបន្ទាប់ពីអ្នកបើកបរបានផ្លាស់ប្តូរកម្ពស់ហោះភ្លាមៗ ដើម្បីចៀសវាងការប៉ះទង្គិចជាមួយយន្ដហោះចម្បាំងអាមេរិកនោះ។

    នៅក្នុងវីដេអូដែ​លត្រូវបានគេបង្ហោះបន្ដពេញបណ្ដាញសង្គមបានបង្ហាញថា អ្នកដំណើរខ្លះបានដេកដួលនៅលើឥដ្ឋ​ និងមានសំឡេងស្រែកដោយសារតែការភ័យខ្លាច ខណៈអ្នកដំណើរក៏អាចមើលឃើញយន្តហោះចម្បាំងអាមរិកហោះនៅនឹងភ្នែកតាមបង្អួចតែម្តង។ អ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការហោះហើររបស់ពួកគេបានចុះចតនៅក្រុងបេរូត ក្នុងប្រទេសលីបង់។

    បញ្ជាការកណ្តាលយោធាអាមេរិកដែលឃ្លាំមើលកងទ័ពអាមេរិកនៅក្នុងតំបន់បានបញ្ជាក់ថា យន្តហោះ F-15 មួយគ្រឿងបានហោះចេញពីអាកាសយានដ្ឋានចម្ងាយប្រមាណ ១,០០០ ម៉ែត្រ។ អ្នកនាំពាក្យម្នាក់បាននិយាយថា យន្ដហោះចម្បាំងនេះបានធ្វើការត្រួតពិនិត្យដោយផ្ទាល់ទៅលើយន្ដហោះស៊ីវិលរបស់អ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកចម្រុះរបស់ខ្លួននៅឯទីបញ្ជាការដ្ឋាន al-Tanf នៅភាគខាងត្បូងប្រទេសស៊ីរី។

    លោកបានបន្ថែមទៀតថា ការស្ទាក់ពិនិត្យនេះត្រូវបានអនុវត្តស្របតាមស្តង់ដារអន្តរជាតិ ហើយយន្តហោះ F-15 កំពុងហោះហើរក្នុងចម្ងាយសុវត្ថិភាព។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បាននិយាយថា ឧប្បត្តិហេតុនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយចាំបាច់ត្រូវមានសកម្មភាពច្បាប់និងនយោបាយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: